ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន អំពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ លើសពីនេះ នេះជាប្រវត្តិសាស្ត្រដែលលោកស្រី អាដាល់ជីហ្សា ម៉ាកណូ (Adaljiza Magno) រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បាន អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង បន្ទាប់ពីទីម័រឡេស្តេទទួលបានការឯកភាព ជា គោលការណ៍ ក្លាយជាប្រទេសសមាជិកអាស៊ានទី១១ ដោយកិច្ចប្រជុំកំពូល អាស៊ានលើកទី៤១ នៅ កម្ពុជា។
កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ ត្រូវបានចាប់ផ្តើមឡើងដោយបទ បង្ហាញយ៉ាងលម្អិតរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retro Marsudi) រដ្ឋមន្ត្រីការបរទេស ន សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ ស្តីពីអាទិភាពគន្លឹះ ក្រោមមូលបទ “ សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានឯកភាពថា អាស៊ាន ពិតជាមានសារសំខាន់ ហើយបានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹង និងមានជំនឿយ៉ាងមុតមាំថា សមិទ្ធភាពអាទិភាពគន្លឹះរបស់ប្រធានអាស៊ាននៅក្នុងឆ្នាំនេះ នឹងជួយប្រែក្លាយអាស៊ានឱ្យទៅជា តំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។
កិច្ចប្រជុំបានកោតសរសើរដល់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ (HLTF-ACV) ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេស ក្នុងការផ្តល់អនុ- សាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នអាស៊ាន ដែលត្រូវបានអនុម័តនៅក្នុងកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានប្រគល់ភារកិច្ចជូនឧត្តមមន្ដ្រីអាស៊ានសិក្សាអំពីលទ្ធភាពបង្កើតក្រុមការងារ ដើម្បីពិភាក្សាពីវិធី ពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបចំពោះមុខនឹងវិបត្តិនានា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ហើយក៏បានចាត់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ធ្វើ ការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន និងស្ថាប័នពាក់ព័ន្ធ អំពីអនុសាសន៍ គន្លឹះនានារបស់ HLTF-ACV។
កិច្ចប្រជុំបានលើកឡើងអំពីសារសំខាន់នៃការអនុវត្តនូវជំហានជាក់ស្ដែង ដើម្បីសម្រេច គោលដៅនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងបានចាត់ឲ្យ CPR ពិភាក្សាអំពី ផែនទីបង្ហាញផ្លូវអាស៊ានសម្រាប់ការលើកកម្ពស់ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និង តាមដានការអនុវត្តនៃសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការពង្រឹងវិស័យអាទិភាពចំនួនបួន នៃ AOIP។ បន្ថែមពីនេះ ACC ក៏បានផ្លាស់ប្តូរទស្សនៈលើការតាមដានការអនុវត្តនៃសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីសេដ្ឋកិច្ចពណ៌ខៀវ និងបានឯកភាពបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចពណ៌ ខៀវអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តពង្រឹងយន្តការនិងក្របខ័ណ្ឌ ការងារ ថ្នាក់តំបន់ ដើម្បីឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈ ក្រៅពីជំងឺកូវីដ-១៩ រួមទាំងការដាក់ ដំណើរការឱ្យបានឆាប់នូវមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺ រាតត្បាតថ្មីៗ។ ACC ក៏បានអនុម័តលើវិសោធនកម្មលក្ខខណ្ឌប្រតិបត្តិនៃមូលនិធិអាស៊ានឆ្លើយតប នឹងជំងឺកូវីដ-១៩ ដែលនឹងអនុញ្ញាតឱ្យប្រទេសសមាជិកអាចប្រើប្រាស់មូលនិធិនេះដើម្បីទិញវ៉ាក់សាំងសម្រាប់ជំងឺឆ្លងផ្សេងៗទៀត។
ចំពោះបញ្ហាទីម័រឡេស្តេរដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រគល់ភារកិច្ចជូនក្រុមការងារ របស់ ACC ពន្លឿនការរៀបចំផែនទីចង្អុលផ្លូវមួយ ដែលផ្អែកលើលក្ខណៈវិនិច្ឆ័យគោលដៅសម្រាប់ ការចូលជា សមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ ហើយដែលនឹងដាក់ជូនអនុម័តនៅកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤២។ កិច្ចប្រជុំបានអនុម័តគោលការណ៍ណែនាំស្តីពីការអនុវត្តលក្ខន្តិកជាអ្នក សង្កេតការណ៍របស់ទីម័រឡេស្តសម្រាប់សមាជិកភាពអាស៊ាន ដើម្បីអនុញ្ញាតឲ្យទីម័រឡេស្តអាច ចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ និងអាចធ្វើសេចក្ដីថ្លែងការណ៍បាន តាមការសមស្រប។
បន្ថែមលើសនេះផងដែរ រដ្ឋមន្ត្រីការបរទេសអាស៊ានបានគូសបញ្ជាក់នូវសារសំខាន់នៃការ អនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលដើរតួដ៏សំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចក្នុងតំបន់ កិច្ចប្រជុំបានរំលឹកអំពីគំនិតផ្ដួចផ្ដើមក្នុងការបង្កើតកិច្ចព្រមព្រៀង បៃតងអាស៊ាន ដែលជាក្របខ័ណ្ឌការងារអាចអនុវត្តបាននិងមានភាពជាក់ស្ដែង និងអនុញ្ញាតឱ្យ
ប្រទេសសមាជិកធ្វើការផ្លាស់ប្តូរបន្តិចម្ដងៗឆ្ពោះទៅកាន់អនាគតបៃតង និងប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីបានពិភាក្សាលើការងារតាមដាន អំពីការវាយតម្លៃនិងសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទ ប្រាំចំណុច (5PC) និងបានទទួលស្គាល់ពីភាពស្មុគ្រស្មាញ និងការលំបាកនៃវិបត្តិ នយោបាយនៅមីយ៉ាន់ម៉ា ហើយបានទទួលស្គាល់ថា គឺត្រូវការពេលវេលាដើម្បីឈានទៅរក ដំណោះស្រាយនយោបាយយូរអង្វែង។ ខណៈពេលដែលការបញ្ឈប់អំពើហឹង្សា និងការសន្ទនា ប្រកបដោយបរិយាប័ន្ន គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពយូរអង្វែង ការកសាងទំនុក ចិត្តក្នុងចំណោមភាគីពាក់ព័ន្ធជាបន្ទាន់ជាកត្តាចាំបាច់។ អង្គប្រជុំបានឯកភាពថា ការចូលរួមជាមួយ ភាគីពាក់ព័ន្ធទាំងអស់គួរតែត្រូវជំរុញឲ្យខ្លាំងបន្ថែមទៀត ក្នុងឥរិយាបថបរិយាប័ន្ន និងប្រកបដោយ ភាពបត់បែន ព្រមទាំងឲ្យស្របតាមធម្មនុញ្ញអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរក្សា «មជ្ឈភាពនិងឯកភាពអាស៊ាន» នៅក្នុងដំណោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយក៏បាន សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកស្រី រ៉េតណូ ម៉ារស៊ូ និងការិយាល័យប្រេសិត ពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាផងដែរ។ អង្គប្រជុំបានស្វាគមន៍នូវសេចក្តីព្រាងផែនការ អនុវត្ត 5PC ដែលជាឯកសាររស់អាចធ្វើបច្ចុប្បន្នភាពបាន អាស្រ័យតាមវឌ្ឍនភាព និងស្ថានការណ៍ នៅមីយ៉ាន់ម៉ា។
កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង បញ្ហាអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម រួមទាំងស្ថានភាពនៅមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉ សង្គ្រាមនៅអ៊ុយក្រែន និងសមុទ្រចិនខាងត្បូង ជាដើម។ រដ្ឋមន្ត្រីការបរទេសបានគូសបញ្ជាក់ពីតម្រូវ ការក្នុងការពង្រឹង និងលើកកម្ពស់ពហុភាគីនិយម ការសន្ទនាក្នុងន័យស្ថាបនា និងកិច្ចសហប្រតិបត្តិ ការឈ្នះ-ឈ្នះ ដើម្បីជម្នះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន។ លើសពីនេះ កិច្ចប្រជុំក៏បានសង្កត់ ធ្ងន់ថា គំនិតផ្ដួចផ្ដើមរបស់ដៃគូនានាត្រូវតែស្របតាមធម្មនុញ្ញអាស៊ាន និង AOIP ហើយរួមចំណែក ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានជួប ពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី អាដាល់ជីហ្សា ម៉ាកណូ រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងជាមួយលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងផល ប្រយោជន៍ជាយុទ្ធសាស្ត្រ ទៅវិញទៅមក និងកិច្ចខិតខំប្រឹងប្រែងនៃប្រទេសសមាជិកអាស៊ាន ដើម្បី ជំរុញដល់ដំណើរការកសាងសហគមន៍អាស៊ាន៕
ដោយ ៖ សុខ ខេមរា