ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា នាពេលថ្មីៗនេះ បានទទួលជួប លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃស្ថាតទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហការទ្វេភាគី រវាងកម្ពុជា និងចិន លើការលើកកម្ពស់តួនាទីស្រ្តី និងក្មេងស្រី នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងកិច្ចការនារី។
លោកស្រី អ៊ឹង កន្ថាផាវី នៅពេលនោះ បានរំលេច និងថ្លែងអំណរគុណ ចំពោះកិច្ចសហការ រវាងក្រសួងកិច្ចការនារី និង សាធារណរដ្ឋប្រជាមានិតចិន កន្លងមក ជាពិសេស តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធស្ត្រី ទូទាំងប្រទេសចិន និងតាមរយៈមូលនិធិពិសេសមេគង្គឡានឆាន លើគម្រោងថ្នាក់តំបន់ ដែលដឹកនាំដោយក្រសួងកិច្ចការនារី ក្នុងការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល និងការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុ។
នៅក្នុងជំនួបនោះ ក៏បានពិភាក្សា ផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកិច្ចការនារី តាមរយៈការចាប់ផ្តើមអនុវត្តគម្រោង Chun Lei ដើម្បីលើកកម្ពស់ការសិក្សា របស់ក្មេងស្រី នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និង Stem ។ កម្មវិធីនេះ បានអនុវត្ត អស់រយៈ៤៥ឆ្នាំ កន្លងមក នៅប្រទេសចិន ដោយទទួលបានពានរង្វាន់ ពីអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ការអប់រំ របស់ក្មេងស្រី ដែលស្ថិតនៅក្រុមងាយរងគ្រោះ និងក្រីក្រ ហើយកម្ពុជាគឺជាប្រទេសទី១ ដែលសាធារណៈរដ្ឋប្រជាមានិតចិន បានជ្រើសរើស សម្រាប់ការចាប់ផ្តើមគម្រោង នៅក្រៅប្រទេស និងឈានទៅកម្មវិធីជាសកល នេះបើតាមការចេញផ្សាយ របស់ក្រសួងកិច្ចការនារី ដដែល។
ជុំវិញរឿងនេះ ត្រូវបានលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃទី៩ ខែមករា ថា «កម្ពុជាជាប្រទេសបន្តមរតក ផ្តល់តម្លៃដល់ស្ត្រី ដូចមានចែង ក្នុងប្រវត្ថិសាស្ត្រ ..ការលើកទឹកចិត្តដល់វិស័យអប់រំដល់ស្ត្រី គឺជាភាពសមស្រប និងបន្ស៊ីគ្នា រវាង គម្រោង Chun Lei របស់ចិន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាភ័ព្ទសំណាងដែលគម្រោងនេះអនុវត្តនៅកម្ពុជា…កម្ពុជានិងចិនផ្តល់តម្លៃខ្ពស់ដល់ស្ត្រីនិងកុមារ ហើយ តាមរយៈគម្រោងនេះ នឹងរួមចំណែកបន្ថែមទៀត នូវភាពរឹងមាំ នៃមូលធនមនុស្សកម្ពុជា-ចិន ជាពិសេស មូលធនមនុស្ស ជានារី»។
លោក Wang Wenbin បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានជួបជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងបានផ្លាស់ប្តូរយោបល់គ្នា ស្តីពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លើវិស័យកិច្ចការនារី រវាងប្រទេសទាំងពីរ។ លោកបញ្ជាក់ថា ភាគីចិននឹងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់កុមារី និងស្ត្រីជាមួយភាគីកម្ពុជា ជួយយុវនារី ឱ្យចេះជំនាញវិជ្ជាជីវៈ និងបង្កើតជីវភាពរស់នៅ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
ប្រភព ៖ «CCFR China state-controlled media »