ខេត្តកណ្តាល ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ នាព្រឹក ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យ សមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។
ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖
១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។
២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។
៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។
៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។
ក្នុងឱកាសនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិតបាននាំយកបច្ច័យរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៨លាន៩សែនរៀល និង ១.២០០$ ប្រគេនដល់ព្រះសង្ឃ ៨៩អង្គ ក្នុងមួយអង្គៗនូវបច្ច័យ ១០ម៉ឺនរៀល ស្លាដកមួយ និងទេយ្យវត្ថុមួយចំនួនទៀតជាកិច្ចបង្ហើយបុណ្យផងដែរ ៕
ដោយ ៖ សហការី