ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃចន្ទទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧នាក់(ស្រី៣នាក់) របួសធ្ងន់ចំនួន១៣នាក់(ស្រី៣នាក់) និងរបួសស្រាលចំនួន ៦នាក់(ស្រី១នាក់) ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែកុម្ភៈ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន២៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១២លើក។
សូមរម្លឹកថា កាលពីថ្ងៃទី០៥ ខែកុម្ភៈម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៥ ខែកុម្ភៈ កើតឡើង៩លើក ស្លាប់និងរបួសចំនួន១៤នាក់។ ក្នុងនោះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន៥នាក់(ស្រី១នាក់) និងរបួសស្រាលចំនួន ២នាក់(ស្រី១នាក់) កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៩លើក ៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)