ព័ត៌មានទាន់ហេតុការណ៍៖

លួច​ម៉ូតូ​មួយគ្រឿង​បានសម្រេច​ហើយជិះ​មិនទាន់ក្ដៅគូទផង​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កម្លាំងសមត្ថកិច្ច​នគរបាលស្រុកសង្កែ​ បានចុះស្រាវជ្រាវ​ឃាត់ខ្លួនបុរស​ម្នាក់​ក្រោយ​ពីធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេមួយគ្រឿង​បានសម្រេច​ហើយជិះ​មិនទាន់ក្ដៅគូទផង​ ក៏ត្រូវ​សមត្ថកិច្ច​តាមក្របួច​ជាប់​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ 

   របាយការណ៍​ដដែល​បន្តថា​ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​បានធ្វេីឡេីង​កាលពីល្ងាចថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិដំ​បូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ 

    បេី​តាមការបញ្ជាក់ពី​លោកវរសេនី​យ៍​ទោ​ យុត​ តុង​ហូ​ អ​ធិ​ការនគរបាលស្រុកសង្កែ​ បានឱ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​រូបលោកបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវទើបឃាត់ខ្លួនបុរសម្នាក់ឈ្មោះឆម ជា ភេទប្រុស អា​យុ​២៤ឆ្នាំ មានទីលំនៅភូមិរកា ឃុំរ​កា ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងករណី(លួច​យកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ព្រឿង រ៉ាត់ ភេ​ទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅចំ​ណុចកើតហេតុខាងលើ​ចំនួន០១​គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ លេខតួ/លេខម៉ាស៊ីនC100MP00​8​8971ពុំមានស្លាកលេខ ។ 

    សូមជម្រាបជូនថា​ នៅថ្ងៃកេីតហេតុខាងលេី​ ជនសង័្សយបានលួចម៉ូតូរបស់ជនរងគ្រោះ​ ហេីយ​បន្ទាប់មកជនរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ច។ក្រោយពេលទទួលបានពាក្យបណ្តឹងរួច កម្លាំងអធិ​ការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល បានធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆម ជា និងបានដកហូតម៉ូតូភិនភាគខាងលើប្រគល់ជូនជនរងគ្រោះវិញ​ ហេីយករណីនេះនគរបាលស្រុកកំពុងក​សាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្ត តាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖