ខេត្តព្រះវិហារ ៖ ក្រៅពីភារកិច្ចស្នូលការពារជាតិ ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ចាការ កងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយ ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩ ព្រមទាំងនាយទាហាន នាយទាហានរង និងបណ្ដាអង្គភាពជំនាញចំណុះ កងពលធំអន្តរាគមន៍លេខ៣ ចុះត្រួតពិនិត្យប្លង់ និងទីតាំងភូមិសាស្ត្រ ដើម្បីកសាងទីលានបាញ់គ្រាប់ពិត និងចុះត្រួតពិនិត្យការកសាង បណ្ដាញផ្លូវ, ប្រព័ន្ធទឹក,ប្រព័ន្ធភ្លើង ទីតាំងវេទិកានិងសមិទ្ធផលនានា មួយចំនួន ក្នុងចំណុចតំបន់ទទួលខុសត្រូវ របស់ទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យនោះ ឧត្តមសេនីយ៍ឯកមេបញ្ជាការ បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួន រួមមាន៖ មី,ត្រីខ,ទឹកក្រូច ចែកជូនដល់នាយទាហាន ពលទាហានឈរការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានកោតសរសើរចំពោះ ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩ និងមេបញ្ជាការរង បងប្អូននាយទាហាន និងពលទាហានទាំងអស់ដែល បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអង្គភាព ដើម្បីកងយោធពលខេមរភូមិន្ទ ឱ្យមានភាពរីកចម្រើន និងរក្សាឲ្យបាននូវសុខ សន្តិភាព សុវត្ថិភាព ជូនប្រជាជនរួមជាតិ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល និងប្រទេសជិតខាងផងដែរ៕
ដោយ៖សហការី