ខេត្តកំពង់ចាម ៖ ផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង១ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៤:៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គិភ័យ០១ករណីបានកើតឡើងនៅចំណុចភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីទទួលព័ត៌មានភ្លាម រូបលោកបានដឹកនាំនិងបញ្ជាទៅកម្លាំងជំនាញ និងលោក វរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបាន ចុះជួយ ធ្វើអន្តរាគមន៍ពន្លត់ភ្លាមៗ។
តាមរបាយការណ៍ឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចាម នៅភូមិឃុំខាងលើ។ ចំពោះការខូចខាតវិញគឺផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់ស័ង្កសីក្រោមទំហំ៦មែត្រ ×៨ម៉ែត្រឆេះអស់ទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិផងដែរ។
រីឯមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ហើយអគ្គិភ័យបានរលត់អស់១០០% នៅវេលាម៉ោង៦:៣០នាទីព្រឹក ។
ក្នុងកិច្ចប្រតិបត្តិការនេះ ស្នងការដ្ឋានបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង និងប្រើប្រាស់អស់ទឹក ០៦រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យខេត្ត២គ្រឿង,ស្រុកព្រៃឈរ១គ្រឿង,ស្រុកកងមាស ១គ្រឿង៕
ដោយ ៖ វណ្ណៈ