ព័ត៌មានទាន់ហេតុការណ៍៖

លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការទី៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាព សន្តិភាព នៅភូមិគិរីបាស់លើ ស្រុកសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង អមដំណើរជាមួយ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងអង្គការភ្លែន  អញ្ជើញមកស្រុក សៀមប៉ាង ដើម្បី សម្ពោធនូវសមិទ្ធផលថ្មីមួយគឺ មណ្ឌលសុខភាព សន្តិភាព ដែលស្ថិត នៅឃុំសន្តិភាព ភូមិគិរីបាស់លើ ស្រុកសៀមប៉ាង ហើយជាឃុំដាច់ស្រយាល មានបងប្អូន ជនជាតិ ភាគតិច កាវែត ភាគច្រើនរស់នៅ ។

លោក ផាន់ យុត អភិបាល នៃគណៈអភិបាលស្រុកសៀមប៉ាង បានឡើងគារវកិច្ចចំពោះ លោកឡូយ សុផាត និងថ្នាក់ដឹកនាំដែលបានអញ្ជើញចូលរួមក្នុងវិធី ដាក់សម្ពោធឱ្យប្រើប្រាស់មណ្ឌលសុខភាព សន្តិភាព និងបានថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិ ប្រចាំនៅកម្ពុជា ដែលកន្លងមកបានជួយស្រុក សៀមប៉ាងឱ្យមានការអភិវឌ្ឍរីកចំរើន ។

លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានឡើងមានប្រសាសន៍ថា: រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានបន្តបង្កើនវិនិយោគធនធានជារៀងរាល់ឆ្នាំ ក្នុងការ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាល លើកកំពស់សមត្ថភាព សេវាសុខាភិបាល និង សមត្ថភាព និយ័តកម្ម ផ្គត់ផ្គងឱសថ បរិក្ខារ ឧបករណ៍ពេទ្យ។

ជាពិសេសលទ្ធផលក្នុងការបង្កើនការគ្របដណ្តប់និងការប្រើប្រាស់សេវាសុខាភិបាល  គុណភាពសេវាឱ្យកាន់តែប្រសើរឡើង ព្រមទាំងការពង្រឹងសមត្ថភាព ត្រៀមបំរុងនៃការឆ្លើតតប ទាន់ពេល ពេលវេលា និងមានប្រសិទ្ធភាពទៅនិងការគំរាមកំហែងសុខភាពសាធារណៈ ដូចជាគ្រោះមហន្តរាយ ការ ផ្ទុះនៃជំងឺឆ្លង ជាពិសេសជំងឺកូវីដ-១៩ជាដើម។

លោក យី គឹមថាន នាយកប្រចាំប្រទេស ទទួលបន្ទុកកម្មវិធីអង្គការភ្លែនអន្តរជាតិ បានឡើងមានប្រសាសន៍ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែករក្សានូវសមិទ្ធផល ដើម្បីមានការប្រើប្រាស់យូរ អង្វែង ដើម្បីជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋ និងកុមារ។

លោក យី គឹមថាន បន្តថា: ក្នុងចក្ខុវិស័យរបស់រាជរដ្ឋភិបាល ដើម្បីឱ្យសេវាសុខភាព ខិតជិតដល់ ប្រជាពលរដ្ឋ និងមើលឃើញពីផលលំបាក់ នៃការធ្វើដំណើរស្វែងរកសេវាសុខភាព ទើបអង្គការភ្លែន បាន គៀងគ ថវិកា នានា សាងសង់នៅមណ្ឌលសុខភាព ក្នុងទីដាច់ស្រយាលនេះ ដើម្បីបង្កភាពងាយស្រួយ ក្នុងការស្វែង រកសេវាសុខភាព ព្យាបាលជំងឺទូទៅ ការសម្រាលកូន និងការសង្គ្រោះបន្ទាន់បឋម ។ល។និង។ល។

លោក ឡូយ សុផាត បានឡើងមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្តេចពញ្ញាចក្រី ហេង សំរិន សម្តេច តេជោ ហ៊ុន សែន ផងដែរ។ ក្នុងឱកាសនោះដែរអ្នកតំណាងរាស្រ្ត បានថ្លែង និងអំណរអរគុណ ដល់អង្គការភ្លែន ដែលបានផ្តល់ជូននូវអគារមណ្ឌលសុខភាពសន្តិភាពនេះ ដើម្បីចូលរួមលើកស្ទួយផ្នែក សុខាភិបាល យ៉ាងខ្លាំង ពិសេសបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្ងាយ ពិបាកទៅ ទទួលសេវាថែទាំសុខភាព និងបានយកចិត្តទុកដាក់លើវិស័យសុខាភិបាល សម្រាប់ប្រជាពលរដ្ឋ និងខិតខំ ប្រឹងប្រែង ស្វែងរកថវិកាមកជួយកសាង មណ្ឌលសុខភាពនេះ។

លោក  ឡូយ សុផាត បានអះអាងថា អគារមណ្ឌលសុខភាពសន្តិភាព ដែលបានសម្ពោធ ដាក់ឲ្យប្រើ ប្រាស់នាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត ធ្វើឱ្យភូមិ គិរីបាស់លើ ឃុំសន្តិភាព មានការផ្លាស់ ប្តូរមុខមាត់ជាថ្មី។

នាឱកាសនោះ លោក ឡូយ សុផាត បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារ មណ្ឌលសុខភាពសន្តិភាព និងអញ្ជើញពិនិត្យបន្ទប់ព្យាបាល និងបន្ទប់ពិនិត្យជំងឺ រួមទាំងជូនថវិកា ដល់ក្រុម គ្រូពេទ្យ ប្រចាំការនៅមណ្ឌលសុខភាព និងអ្នកជំងឺ ស្រ្តីមានផ្ទៃពោះ និងលោកគ្រូ អ្នកគ្រូផងដែរ ៕

ដោយ៖ មាស សុផាត


ចែករំលែក៖