ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយម្នាក់ចិញ្ចឹមកូន ១០នាក់រស់ ប៉ុន្ដែកូន១០នាក់ មិនអាចចិញ្ចឹមថែម្ដាយម្នាក់មិនបាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ករណីជីដូន អាយុ ជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថា កូនចៅបោះបង់ ត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែនិងប្រាក់ម្ហូបអាហារ បន្ទាប់ពីអាជ្ញាធរព្យាយាមទូរស័ព្ទតាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិមិនទទួលជោគជ័យ និងមិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ។ 

នេះបើតាមការបញ្ជាក់ពីលោកចៅសង្កាត់លេខ១ក្រុងព្រះសីហនុ ក្រោយជំនួបរកដំណោះស្រាយ ក្រោមវត្តមានលោកស្រី ប្រាក់ ច័ន្ទសុខា ក្នុងនាមសាខាកាកបាទ ក្រហមខេត្តព្រះសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ធនៅសាលា សង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថាឃើញជីដូនមួយរូបវ័យជាង៩០ឆ្នាំនៅម្តុំឃ្លាំងលើសង្កាត់លេខ១ ដែលដំបូង គេសន្និដ្ឋានថាទំនងជាវង្វេងផ្ទះឬវង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរនិងក្រោយមកបាននាំជីដូនរូបនេះមកមើលថែបណ្តោះ អាសន្ននៅសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ។ 

ក្នុងពេលរង់ចាំ មិនឃើញកូនចៅ សាច់ញាតិមកទទួល យក មន្ត្រីសង្កាត់និងក្រុមការងារសង្គ្រោះ ក៏បានរៀបចំកន្លែងឲ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ១ ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំ លោក យាយរូបនេះ ចាប់តាំងពីយប់ថ្ងៃទី៥កុម្ភៈបន្តរហូតមក ដល់យប់ថ្ងៃ៦កុម្ភៈ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុរៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ។

ទោះជាជីដូនរូបនេះអះអាងថា រូបជីដូនត្រូវកូនចៅបោះបង់ចោលឲ្យចេញពីផ្ទះយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរមិន ទាន់កំណត់ថាជាដំណឹងពិតឬបែបណានោះទេ ដោយនៅតែរង់ចាំដំណឹងពីកូនចៅឬសាច់ញាតិ បញ្ជាក់បន្ថែម ហើយការរៀបចំយកជីដូនឲ្យទៅស្នាក់នៅ បណ្តោះ អាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែនិងប្រាក់ម្ហូប អាហារនោះ ក៏ដោយសារតែមិនទាន់ឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ៕

ដោយ៖ សូរិយា


ចែករំលែក៖