ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបញ្ចុះសពលោកជំទាវ ប៊ុន សុថា ត្រូវបាន បញ្ចុះនៅវត្តបទុមវតី នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ

ចែករំលែក៖

ភ្នំពេញ ៖ ពិធីបញ្ចុះសពលោកជំទាវ ប៊ុន សុថា ត្រូវបានដង្ហែពីគេហដ្ឋានក្នុងខណ្ឌទួលគោក យកទៅកាន់ទីបញ្ចុះនៅវត្តបទុមវតី នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

លោកជំទាវ ប៊ុន សុថា បាន ទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨ និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានដារបង្សុកូលតាម ប្រពៃណី ព្រះពុទ្ធសាសនា អស់រយៈពេល៤យប់៥ថ្ងៃ នៅភូមិគ្រឹៈលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការទទួលមរណភាពរបស់លោកជំទាវ ប៊ុន សុថា មិនគ្រាន់តែជាការបាត់បង់មាតា ជីដូន ទីគោរពស្រលាញ់ប្រកបដោយ ព្រហ្មវិហារធម៌ គុណធម៌ និងកិត្តិគុណរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់នូវពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាដ៏មោះមុតឧត្តុង្គឧត្តមជាទីគោរពស្រលាញ់នៃញាតិមិត្តជិតឆ្ងាយ និងជាការបាត់បង់នូវខេមរនារីខ្មែរមួយរូបដែលមានសេចក្តីអង់អាចក្លាហាន ក្នុងការតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បី បុព្វហេតុនៃសេចក្តីថ្លៃថ្នូររបស់សង្គមជាតិខ្មែរទាំងមូល។

ជីវប្រវត្តិសង្ខេប លោកជំទាវ ប៊ុន សុថា កើតនៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥០០ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៥៧ ក្នុងគ្រួសារកសិករ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុងក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានបិតានាម លីន គ្រី មាតានាម ប៊ុន ស៊ាងលី។

លោកជំទាវឧបាសិកា ប៊ុន សុថា ជាបុត្រីទី៥ និងជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់ ក្នុងនោះមានប្រុស២រូប ស្រី៣រូប៕

ដោយ ៖ សហការី


ចែករំលែក៖