ខេត្តរតនគិរី៖ ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន និងដកហូតបានគ្រឿងញៀនមួយចំនួនព្រមទាំងអាវុធ ៥ដើម បន្ទាប់ពីសមត្ថកិច្ចបានហ៊ុំព័ទ្ធអស់ពេលមួយយប់។ ក្នុងនោះដោយមានការ សម្របសម្រួលនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
ការចុះបង្រាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខ្ទមចម្ការមួយកន្លែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី។ តាមការ ចង្អុលបង្ហាញណែនាំពីលោកឧត្តម សេនីយ៍ត្រី អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីនិងលោកឧត្តម សេនីយ៍ត្រី វង្ស សាវ៉ាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។
ករណីបង្ក្រាបនេះបានប្រើប្រាស់កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការស្រុកលំផាត់ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសេដា និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ក្លុល ថើង អធិការនគរបាលស្រុកលំផាត់។
យោងតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ក្លុល ថើង បានឲ្យដឹងថា ជនសង្ស័យជាមេក្លោង ត្រូវបានសមត្ថកិច្ចយើង ធ្វើការតាមស៊ើបអង្កេត២ឆ្នាំមកហើយ រហូតដល់យប់ថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០២៣ កម្លាំងយើងបានប្រើវិធានការជំនាញ ទើបកំណត់បានច្បាស់។
ដោយពេលនោះយប់ក្រែងមិនមានសុវត្ថិភាពសមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន ២០នាក់ ដើម្បីហ៊ុំព័ទ្ធពេញមួយយប់ លុះព្រឹកឡើងម៉ោង៨និង០០នាទី ថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០២៣ ទើបកម្លាំងសមត្ថកិច្ចសម្រុកចូលចាត់ការតែម្ដង។
គ្រានោះបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះមានមេក្លោងម្នាក់ជាមុខសញ្ញាជួញដូរចែកចាយ និងប្រើប្រាស់ ដែលកម្លាំងជំនាញយើងតាមដាន២ឆ្នាំមកហើយ។ ១-ឈ្មោះ ពុក ខាំលេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ, ២-ឈ្មោះ សារ៉ាត សុខ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិទំពួន មុខរបរកសិករនិង ៣-ឈ្មោះ ឃួន ឃឹម ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ។ អ្នកទាំង៣មានទីលំនៅបច្ចុប្បន្នភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្ត រតនគិរី។
លោកវរសេនីយ៍ឯក បានបន្ថែមថា ក្នុងករណីបង្ក្រាបនេះ សមត្ថកិចបានដកហូតវត្ថុតាង គ្រឿងញៀនចំនួន៤ថង់ ក្នុងនោះមាន ១ថង់ធំ ព្រមទាំងដកហូតអាវុធបានចំនួន ៥ដើម ៖ AK បត់១ដើម AKស្វាយវែង១ដើម គ្រាប់AKចំនួន៣៤គ្រាប់ អាវុធកែច្នៃចំនួន៣ដើម ផាវគ្រាប់បែកចំនួន៥២គ្រាប់ គ្រាប់កង់ចំនួន៥៤គ្រាប់ កាំបិតចុងស្រួច ចំនួន៦ដើម និងសម្ភារសេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ រួមទាំងវត្ថុតាងមួយចំនួនធំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា