ខេត្តបាត់ដំបង៖ បុរសម្នាក់សង្ស័យមានវិបត្តិស្នេហាបានសម្រេចចិត្តធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងស្រះទឹក បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្រះទឹកក្នុងវិមានរំឮកគុណវីរជនពលី(វិមានសព) ស្ថិតក្នុងក្រុមទី០៧ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចិន ធូរ៉េន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាបុគ្គលិកហាងបាយ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ជនរងគ្រោះកាលពីវេលាម៉ោង០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ ក្រោយពីមានការជួបជុំផឹកស៊ីនៅទីកន្លែងកើតហេតុខាងលើរួច សង្ស័យមានការអាក់អន់ចិត្តអ្វីមួយពាក់ព័ន្ធនិងរឿងស្នេហាទើបជនរងគ្រោះគិតខ្លីសម្រេចធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកក្រឡាទាប ធ្លាក់ចូលក្នុងទឹកស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យលើសាកសពជនរងគ្រោះដោយមន្រ្តីជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ ហើយសន្និដ្ឋានបានថា: ជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាតបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនពិតប្រាកដមែន៕
ដោយ៖ចន្ទ លីហ្សា