ព័ត៌មានទាន់ហេតុការណ៍៖

លោក​រដ្ឋមន្រ្តី​ ឌិត​ ទីណា ​៖​ អគ្គនាយកដ្ឋានជំនាញចាំបាច់ត្រូវកសាងទំនុកចិត្តដល់ប្រជាជន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

 ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារជលផលឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ តាមតួនាទីភារកិច្ច ទិសដៅការងារ និងផែនការសកម្មភាពដែលបានកំណត់ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល រាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានផ្តល់ការសហការ និងគាំទ្រចាំបាច់ដល់ការអនុវត្តការងាររបស់រដ្ឋបាលជលផលក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព។  

 ទន្ទឹមនឹងលទ្ធផលការងារដ៏ល្អប្រសើរដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផល គឺទីមួយត្រូវពង្រឹងការគ្រប់គ្រងនិងអភិរក្សធនធានជលផល ទីពីរត្រូវជំរុញវារីវប្បកម្ម ការកែច្នៃ និងការលើកទឹកចិត្តដល់វិស័យឯកជន និងទីបីគឺត្រូវពង្រឹងសហគមន៍នេសាទ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ។ 

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមអំពីការធានានូវសន្តិសុខស្បៀង និងឧត្តមភាពនៃផលិតផល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការងារ អនាម័យ ភូតគាមអនាម័យ SPS និងជួយគាំទ្រដល់វិស័យឯកជន ដើម្បីសម្របសម្រួលដល់ការនាំចេញ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំនាញចាំបាច់ត្រូវកសាងទំនុកចិត្តដល់ប្រជាជន។

លោករដ្ឋមន្ត្រី​ បានណែនាំដល់មន្ដ្រីទាំងអស់ឱ្យធ្វើការប្រកបដោយវិចារណញាណ ដោយត្រូវដឹងថា យើងកំពុងធ្វើអ្វី ដើម្បីអ្វី ដើម្បីនរណា ហើយអ្វីទៅដែលជាគោលដៅរបស់យើង។

សូមជម្រាបជូនផងដែរថា តាមស្ថិតិវារីវប្បកម្មគឺការចិញ្ចឹមត្រីអនុវត្តបាន ៣៣០.៦០០តោន ស្មើនឹង ៩១,៨៣% ការភ្ញាស់ពូជកូនត្រីបាន ២៨៣.៥០០.០០០កូនស្មើនឹង៩៤,៥% ការចិញ្ចឹមក្រពើបាន៣៩១.៤១៤ក្បាលស្មើនឹង១៣០.៤៧% បង្កើតបណ្តុំវារីវប្បកម្មបាន៣៣១កន្លែងមានសមាជិក១០.៨០៦នាក់ និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានបានចំនួន៨កន្លែង។ ចំពោះការនាំចេញផលនេសាទបានចំនួន ៨.០០០តោន ដែលមានចំណូលសរុបជាង ៣៧០លានរៀល៕

ដោយ​៖សហការី​


ចែករំលែក៖