ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបប្រជុំនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។ ទាក់ទងនឹងកិច្ចការងារនេះ ក្រសួង នឹងចូលរួមគាំទ្រការផ្សព្វផ្សាយ និងជំរុញក្នុងខ្សែច្រវាក់ផលិតកម្ម រួមទាំងការវេចខ្ចប់ផងដែរ។ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានផែនការផលិតចន្ទីកែច្នៃ ដើម្បីទទួលបានតម្លៃខ្ពស់ជាជាងបរិមាណ ក្នុងនោះដែរ ការកែច្នៃត្រូវគោរពតាមគោលការណ៍បរិស្ថាន។
ការផ្សព្វផ្សាយគឺជាកត្តាចាំបាច់មួយ ដើម្បីទទួលបានការគាំទ្រ និងមានទំនុកចិត្តទាំងទីផ្សារប្រទេសជប៉ុននិងពិភពលោក ទទួលបានតម្លៃមួយខ្ពស់ ហើយអ្នកហូបស្គាល់ពីកម្ពុជា ដោយមិនមានគោលដៅប្រកួតបរិមាណជាមួយប្រទេសដទៃទេ។ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងការកែច្នៃសំបកចន្ទីទៅជាឥន្ធនៈ ប៉ុន្តែកិច្ចការងារនេះត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ហើយបានណែនាំឱ្យធ្វើការពិចារណាលើកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជីក្នុងបរិមាណច្រើន។
មួយវិញទៀត លោករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការជុំវិញពូជ Japonica ដែលអាចយកមកដាំនៅកម្ពុជាតាមរយៈ JICA ដើម្បីចូលរួមការផលិតអង្ករមានគុណភាពសម្រាប់ការនាំចេញ។ ទាក់ទងនឹងប្រព័ន្ធគាំទ្រលើផលិតកម្មដំណាំស្រូវ ក្រសួងត្រូវធ្វើការងារជាមួយនឹងអន្តរក្រសួងដូចជាក្រសួងធនធានទឹកលើប្រព័ន្ធធារាស្រ្ត និងក្រសួងសាធារណៈការលើប្រព័ន្ធនៃការដឹកជញ្ជូនជាដើម។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការប្រើប្រាស់នូវថាមពលល្អ និងចំណាយតិចសម្រាប់កសិកម្ម ដោយស្នើឱ្យធ្វើការសិក្សាលើការប្រើប្រព័ន្ធបង្ហូរទឹកសម្រាប់ការស្រោចស្រព(Water Tank) និងអាចប្រើថាមពលបន្ថែមដូចជាការប្រើភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប និងប្រើថាមពលព្រះអាទិត្យ(Solar) សម្រាប់បូមទឹកពេលថ្ងៃជាដើម។ ហើយបើប្រព័ន្ធនេះ ទទួលបានជោគជ័យ នោះនឹងអនុវត្តនៅទូទាំងប្រទេសតែម្តង។
សូមជម្រាបជូនផងដែរថា គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជានិងផលិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈពីសំបកចន្ទីក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលត្រូវបានធ្វើឡើងដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២ នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន៕
ដោយ៖សហការី