ភ្នំពេញ ៖ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែត ប្រចាំកម្ពុជា បានបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ នាឱកាសដែរ លោក ឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្មសេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្ឃឹមថា សកម្មភាពរួមគ្នាមួយចំនួន នឹងត្រូវយកមកពិនិត្យនិងរៀបចំ ដើម្បី អបអរសារទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូវ៉ែត នៅឆ្នាំ ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយ ចំនួន រួមទាំង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ។ លោកឯកអគ្គរាជទូត បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុន ផងដែរ៕
ដោយ ៖ សិលា