ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកកៀរម៉ូតូបណ្តាលឱ្យដួលចូលក្រោមរថយន្តកិនស្លាប់បុរសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់យ៉ាងអណោចអាធ័មនៅនឹងកន្លែងកេីតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកុងតឺន័របេីកកៀរបណ្តាលឱ្យដួលចូលក្រោមរថយន្តកិនកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវចោមចៅ​ ត្រង់ចំណុចមុខសាលារៀនប៊ែលធី​ ស្ថិតក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ហេីយរថយន្តព្យាយាមបេីកគេចខ្លួនទៅដល់មុខបុរីសែនមនោរម្យ​ ផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  ត្រូវពលរដ្ឋដេញឃាត់បានភ្លាមៗ។ 

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពិន​ សុខណា​ ភេទប្រុសអាយុ២៦ឆ្នាំ​ មានស្រុកកំណេីតនៅភូមិឡាំឡូង​ ឃុំជ្រៃឃ្មុំ​ ស្រុកស៊ីធកណ្តាល​ ខេត្តព្រៃវែង។ 

តាមប្រភពព័ត៌មនបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​  ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GX 3294 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ពាក់ស្លាកលេខភ្នំពេញ3D 1881 ធ្វេីដំណេីរមកពីក្រោយកៀរបណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់យ៉ាងអណោចអាធ័ម​ ភ្លាមនោះរថយន្តបង្កបានបន្តបេីកគេចខ្លួនទៅដល់មុខបុរីសែនមនោរម្យផ្លូវជាតិលេខ៤ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានទាំងតៃកុងរថយន្តនឹងប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលរង់ចាំប្រគល់ជូនកម្លាំងជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖