ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់បង្ហាញមូលដ្ឋានទ័ពអាកាសនៅក្រោមដីដែលអាចគេចពីការវាយប្រហារបាន

ចែករំលែក៖

អុីរ៉ង់ទើបតែបង្ហាញមូលដ្ឋានទាហានអាកាស“Eagle 44” ដែលជាទីតាំងដំបូងគេបង្អស់នៅក្រោមដី ដែលមានទំហំធំអាចរក្សាទុកយន្តហោះចម្បាំងបានជាច្រើនគ្រឿង ។
សារព័ត៌មាន AFP នៅថ្ងៃពុធទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា អ៉ីរ៉ង់នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្ញែងមូលដ្ឋានទ័ពអាកាសក្រោមដីមួយកន្លែងមានឈ្មោះថា «Eagle 44» ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកហៅថាជាមូលដ្ឋានទ័ពអាកាសក្រោមដីធំបំផុតមិនធ្លាប់មានសម្រាប់ស្ដុកទុកយន្ដហោះចម្បាំង។
បើតាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ IRNAបានឱ្យដឹងថា មូលដ្ឋានទ័ពអាកាសក្រោមដី «Eagle 44» នេះមានសមត្ថភាពស្ដុកទុក និងធ្វើប្រតិបត្តិការយន្ដហោះចម្បាំង ព្រមទាំងយន្ដហោះដ្រូន។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានដដែលនេះមិនបានបញ្ជាក់ពីទីតាំងរបស់មូលដ្ឋានទ័ពអាកាសក្រោមដីនេះឡើយ ដោយគ្រាន់តែដឹងថាវាជាមូលដ្ឋានទ័ពអាកាសក្រោមដីធំបំផុតដែលត្រូវបានសាងសង់ឡើងនៅក្រោមដីយ៉ាងជ្រៅ និងមានសារៈសំខាន់សម្រាប់យោធាអ៉ីរ៉ង់ ក្នុងការស្ដុក ក៏ដូចជាធ្វើប្រតិបត្តិការយន្ដហោះចម្បាំងបំពាក់ដោយមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ។
កាលពីខែឧសភា ឆ្នាំ២០២២ យោធាអ៉ីរ៉ង់ក៏ធ្លាប់បានសម្ញែងមូលដ្ឋានក្រោមដីមួយផ្សេងទៀតផងដែរ ដែលជាកន្លែងស្ដុកទុកយន្ដហោះដ្រូន ខណៈដដែលទីក្រុងតេហេរ៉ង់ កំពុងព្យាយាមការពារ ទ្រព្យសម្បត្តិយោធារបស់ខ្លួនពីការវាយប្រហារតាមផ្លូវអាកាសណាមួយពីគូសត្រូវនៅក្នុងតំបន់ តួយ៉ាងដូចជាអ៉ីស្រាអែលជាដើម។ អ៉ីស្រាអែលកាលពីពេលថ្មីៗនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកអះអាងថាគឺជាអ្នកនៅពីក្រោយការវាយប្រហារលើមូលដ្ឋានយោធាមួយកន្លែងនៅលើទឹកដីអ៉ីរ៉ង់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ PLO.VN

 


ចែករំលែក៖