ភ្នំពេញ៖ កន្លងមកទស្សនិកជនអ្នកនិយមតាមដានភាពយន្តភាគពិតជាធ្លាប់បានស្គាល់តារាសម្តែងស្រីល្បីឈ្មោះ កែវ ឡាវីញ ដែលជាកូនស្រីបណ្តូលចិត្តរបស់អតីតតារាសម្តែង លោកស្រី កែវ កណ្យាណ ជាក់ជាមិនខាន។ អ្វីដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ផងដែរនោះស្របពេលដែលកេរឈ្មោះក្នុងវិស័យសិល្បៈកំពុងតែហក់ឡើងនោះស្រាប់តែនាងសម្រេចចិត្តចូលរោងការបាត់ រហូតធ្វើឲ្យអ្នកគាំទ្របារម្ភពីការសម្រេចចិត្តបោះបង់ការងារសិល្បៈចោល។
ក្នុងជំនួបផ្ទាល់មុននេះក្នុងកម្មវីធីប្រកាសសម្ពោធភាពយន្តភាគបុរាណរឿង”ម្ចាស់កីតម្បាញ” របស់ទូរទស្សន៍ហង្សមាស តារាសម្តែងរូបនេះបានលើកឡើងថានាងនៅតែបន្តការងារសិល្បៈ ខណៈដែលស្វាមីរបស់នាងក៏បានបើកផ្លូវឲ្យនាងប្រឡូកក្នុងអាជីពនេះពេញទំហឹងដោយមិនមានការហាមឃាត់ឡើយ។ អ្នកនាងបានលើកឡើងថា ក្រោយរៀបការនាងនៅតែចេញថតភាពយន្តជាធម្មតា ជាក់ស្តែងថ្មីៗនេះនាងទើបនឹងបញ្ចប់ការសម្តែងភាពយន្តមួយ ហើយគ្រោងនឹងចេញថតភាពយន្តថ្មីជាបន្តបន្ទាប់ទៀត ។ នាងថាជាការបំពេញក្តីសុបិន្តរបស់ខ្លួន ឯងក៏ជាការបំពេញក្តីបំណងរបស់ម្តាយផងដែរ។ នាងថាមិនទាន់គិតគូរឿងការទទួលយកតំណក់ឈាមរួមគ្នាជាមួយនឹងស្វាមីនៅឡើយព្រោះចង់ទុកពេលវេលាបន្តិចសិន។
ឡាវីញ ថា ចាប់តាំងពីប្រឡូកសិល្បៈមកនាងចូលរួមសម្តែងក្នុងភាពយន្តប្រមាណ៥រឿងរួចមកហើយ ហើយគ្រប់ទម្រង់នាងអាចសម្តែងបាន ប៉ុន្តែនាងលើកឡើងថានៅតែចង់ឲ្យការសម្តែងបានល្អប្រសើរជាងនេះបន្ថែមទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ៕
ដោយ៖ វឌ្ឍនា