ភ្នំពេញ ៖ យុវជន២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តស្ទូចដឹកផ្ទះចល័តបុកអូសជាប់ម៉ូតូនិងមនុស្សជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ កែងនឹងផ្លូវបេតុងចាក់សំរាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1X- 5326 ធ្វើដំណើរចេញពីផ្លូវបេតុងចាក់សំរាមពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តស្ទូចដឹកផ្ទះចល័ត ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D- 4663 បើកដោយបុរសម្នាក់រួមដំណើរជាមួយព្រូម្នាក់ទៀតក្នុងល្បឿនមធ្យម ហេីយជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូ អូសទាំងម៉ូតូនិងមនុស្សជាប់ពីមុខរថយន្តជាង១០ម៉ែត្រ បណ្ដាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ។
ក្រោយកេីតហេតុ តៃកុងនិងព្រូរថយន្តបង្កបានឈប់រថយន្តរត់ចូលក្នុងព្រៃបាត់ទៅ។ បន្ទាប់មករថយន្តសាមុយរបស់មណ្ឌលសុខភាពដង្កោ ចុះមកដឹកជនរងគ្រោះទាំងពីរនាក់យកទៅសង្គ្រោះភ្លាមៗ ។ រីឯរថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ