ភ្នំពេញ៖ អគ្គិសនីកម្ពុជា កាលពីរំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៣ (GS53-F4) មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនឯកជនកាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ទឹកថ្លា សង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការដោះខ្នែងបំបែកខ្សែបណ្ដាញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០១:៥៩នាទីយប់រំលងអធ្រាត្រ លើកលែងតែបន្ទប់ភ្លើងលេខ PT136 និង P512 ដែលមានទីតាំងស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុលកំហូចរួច និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅព្រឹកដដែល។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី