ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ Ford Ranger បុកឡំប្រឺតាក្រឡាប់អូសជាច្រេីន​ បណ្ដាលឱ្យបុរសម្នាក់រងរបួស​ និងជ្រុលទៅបុករបងមន្ទីរពេទ្យធ្មេញរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ត​ម៉ាក Ford Ranger មួយគ្រឿងក្នុងល្បឿនលឿន​ រួចជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹង​ បណ្ដាលឱ្យក្រឡាប់អូសជាច្រេីនម៉ែត្រ​ធ្វេីឱ្យបុរសម្នាក់រងរបួស​ ហេីយរថយន្តបង្កបានបន្តជ្រុលបុកចូលមន្ទីរព្យាបាលធ្មេញរងការខូចខាតយ៉ាងដំណំថែមទៀត​ ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣​ និង៣០នាទី​ទាបភ្លឺ​ ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​​ កែងផ្លូវលេខ៣៦០​ ក្នុងសង្កាត់​បឹងកេងកង​ទី៣​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញបុរសម្នាក់បេីកឡំប្រឺតា​ មួយគ្រឿងពណ៌ស​ ពាក់ផ្លាកលេខព្រៃវែង​ 1Q-9945 ធ្វេីដំណេីរទិសដៅពីជេីងមកត្បូងក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ត​បង្កម៉ាក​ Ford Ranger ពាក់ផ្លាកលេខភ្នំពេញ​ 2BB-7468 ធ្វេីដំណេីរស្របទិសគ្នាក្នុងល្បឿនលឿន​ រួចបានជ្រុលបុកឡំប្រឺតា​ ពីក្រោយពេញទំហឹង​ បណ្ដាលឱ្យឡំប្រឺតាក្រឡាប់អូសជាច្រេីនម៉ែត្រ​ ព្រមទាំងធ្វេីឱ្យបុរសម្នាក់ជាម្ចាស់ឡំប្រឺតា​ រងរបួសខ្លួនប្រាណជាខ្លាំងផងដែរ​ ។ ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តបុករបងចូលមន្ទីរពេទ្យធ្មេញ​ រងការខូចខាតយ៉ាងដំណំផងដែរ​ ។ 

   ក្រោយ​ពេល​កេីត​ហេតុ​ ជនរងគ្រោះម្ចាស់ឡំប្រឺតា​ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះផងដែរ​ ។ បន្ទាប់មក​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចសហការជាមួយមន្ត្រី​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វេីការ​វាស់​វែង​យក​រថយន្ត​បង្ក​ និងឡំប្រឺតា​ ទៅ​រក្សា​ទុក​រង់​ចាំការ​ដោះស្រាយ​គ្នាតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖