ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ១.៣០០គ្រួសាររស់នៅ អគារបុរីកីឡា ទាំង០៨ អគារ ទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងខែមករាមកនេះ ពិសេស គឺការផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋជិត១.៣០០ គ្រួសារនៅបុរីកីឡា របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល នេះជាការ ទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ ហើយក៏ជាការវាយបក ចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួនផងដែរ។

   ការកោតសរសើរបែបនេះ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើ ឡើង ក្នុងកិច្ច​ប្រជុំ​សាមញ្ញ​លេីកទី​៤៥របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក​ ម៉ប់​ សារិន​ ប្រធាន​កប្រឹក្សា​រាជធានីភ្នំពេញ​ និង​លោក កើត ឆែ​ អភិបាល​រងរាជធានី​ភ្នំពេញតំណាងឲ្យ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ​នាព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

    ប្រជាពលរដ្ឋជិត១.៣០០គ្រួសាររស់នៅក្នុងអគារបុរីកីឡាទាំង០៨ អគារនេះ មិនត្រឹមតែទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ប៉ុណ្ណោះទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវបានសម្រេចផ្តល់ការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតផង ដោយពន្ធអាករទាំងនេះជាបន្ទុករបស់រដ្ឋ។

     លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានសរសើរផងដែរ ចំពោះការខិតខំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានជំរុញគ្រប់មុខសញ្ញាសាធារណការបានល្អ ប្រសើរ ធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាពស្រស់បំព្រង ពិសេសក្នុងការត្រៀមចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ខាងមុខនេះ។

     លោក ម៉ប់ សារិន បានលើកឡើងទៀតថា កម្លាំងមានសមត្ថកិច្ច បានខិតខំប្រឹងប្រែងលើការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងបាន៧៨ករណី ឃាត់ខ្លួនបាន១៣៦នាក់នៅក្នុងខែមករានេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកសំណូមពរអោយសមត្ថកិច្ច លើកកម្ពស់ទប់ស្កាត់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាប្រពៃណី ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈឆ្នាំ២០២៣ ខាងមុខនេះឲ្យ បានខ្លាំងខ្លាបន្ថែមទៀត ។

  លោកបន្តថា ចំពោះគ្រោះថ្នាក់អគ្គិភ័យក្នុងខែមករា ឆ្នាំ២០២៣នេះបានកើតមាន១៩/៦ករណី កើន១៣ លើក ។ លើ ករណីនេះ លោកសំណូមពរ អោយ សមត្ថកិច្ចមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំ បង្ការប្រុងប្រយ័ត្នអោយបានខ្ពស់នៅរដូវប្រាំងនេះ។ 

       ចំពោះគ្រោះអគ្គីភ័យនេះ លោក កើត ឆែ​ បានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ លោកឃួង ស្រេង អផិបាលរាជធានីភ្នំពេញ បានណែនាំអោយសមត្ថកិច្ចអគ្គីភ័យ នាំយករថយន្តពន្លាត់អគ្គីភ័យមួយចំនួន នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទីតាំងនៅខណ្ឌ ឬស្សីកែវ ជិតហ្គេនភ្នំពេញ មកដាក់នៅទីតាំងក្បែរវត្តបទុមវតីខណ្ឌដូនពេញ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍គ្រោះអគ្គីភ័យនេះ និងបានជម្រុញអោយ អាជ្ញាធរខណ្ឌ សមត្ថកិច្ចមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំ ដើម្បីរួមគ្នា បង្ការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះអគ្គីភ័យនៅរដូវប្រាំងនេះ ៕

ដោយ៖ សំរិត


ចែករំលែក៖