ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់មេដាយកីឡាជិះស្គីពិភពលោកទទួលមរណភាពក្នុងវ័យ៣៧ឆ្នាំ

ចែករំលែក៖

សហព័ន្ធកីឡាជិះស្គីរដូវរងារបស់អ៊ីតាលីបានប្រកាសថា អ្នកជិះស្គីសញ្ជាតិអ៊ីតាលី Elena Fanchini បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយ និងប្រយុទ្ធជាមួយនឹងជំងឺមហារីក។

Fanchini បានចូលរួមប្រកួតនៅកីឡាអូឡាំពិករដូវរងាឆ្នាំ២០០៦, ឆ្នាំ២០១០និងឆ្នាំ២០១៤ ប៉ុន្តែត្រូវបានបង្ខំឱ្យដកខ្លួនចេញពីកម្មវិធី Pyeongchang2018 នៅពេលដែលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។Fanchini បាន​ឈ្នះ​មេដាយ​មាស​ចំនួន២​ក្នុង​ការ​ប្រកួតជិះស្គីពិភពលោកWorld Cup ឆ្នាំ២០០៥ និងឆ្នាំ២០១៥។

សហព័ន្ធបានបញ្ជាក់ថា “នៅចុងបញ្ចប់នៃជំងឺធ្ងន់ធ្ងរ កីឡាការិនី Elena Fanchini បានទទួលមរណភាពនៅផ្ទះរបស់នាងនៅ Solato” ។

ក្នុងដំណឹងដ៏សោកសៅនេះ ម្ចាស់មេដាយមាសអូឡាំពិក២សម័យកាល Mikaela Shiffrin មកពីសហរដ្ឋអាមេរិក បានបង្ហោះសារក្នុងការចងចាំរបស់ Fanchini បន្ទាប់ពីនាងឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ Alpine World Ski Championships។

កីឡាការិនីរូបនេះបានសរសេរថា “នេះគឺជាថ្ងៃដែលពោរពេញទៅដោយអារម្មណ៍។ មានរឿងជាច្រើនដែលខ្ញុំចង់ចែករំលែក ប៉ុន្តែអ្វីដែលធ្ងន់បំផុតនោះគឺការបាត់បង់ Elena Fanchini”។

នាងបានបន្ថែមថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារ Fanchiniទាំងមូល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កីឡា និងពិភពលោករបស់យើង ជាមួយនឹងទឹកចិត្ត និងសេចក្តីសប្បុរស។ បេះដូង​ខ្ញុំ​ក៏​នៅ​ជាមួយ​ក្រុម​អ៊ីតាលី​ដែរ ដែល​កំពុង​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖