ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចាប់បញ្ជូនស្រ្តីម្នាក់ពាក់ព័ន្ធបទល្មើសចេញសែកស្អុយ៣០មុឺនដុល្លារទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ៣០មុឺនដុល្លារសងទៅម្ចាស់បំណុល ។

ជនសង្ស័យឈ្មោះ សិទ្ធិគុណ សក្តិនិតា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរី ពិភពថ្មីចំការដូង១ ផ្ទះលេខ៧៩E០ និង E១ ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ការចាប់ខ្លួនស្ត្រីអាជីវករខាងលើនេះត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង យោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់បំណុល ។

ឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្សរាប់អានជាមួយដើមបណ្តឹងហើយបានទៅពឹងពាក់រកខ្ចីលុយចំនួន៣០ម៉ឺនដុល្លារអាមេរិកដើម្បីយកទៅពង្រីកមុខរបររកស៊ី ហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ដើមបណ្តឹងថា ឆក់លុយបងឯងតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ គេនឹងបង្វិលសងវិញហើយ ។

លុះមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បានចេញមូលប្បទានប័ត្រ ( សែក )១សន្លឹករបស់ ធនាគារដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិកឱ្យទៅដើមបណ្តឹងដើម្បីទូទាត់ប្រាក់លើបំណុលនោះវិញ ។ ប៉ុន្តែដល់ថ្ងៃកំណត់ នៅពេលដើមបណ្តឹងបាន យកមូលប្បទានបត្រនោះទៅបើកប្រាក់នៅធនាគារស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះគ្មាន សាច់ប្រាក់ទេ ពេលនោះដើមបណ្តឹងក៏បានទំនាក់ទំនងទៅឈ្មោះ សិទ្ធិគុណ សក្តិនិតា ប៉ុន្តែទាក់ទងមិនបានរហូត ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅ សមត្តកិច្ចដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។

ករណីដូចបានបញ្ជាក់តាមអង្គហេតុខាងលើនេះហើយទើបបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ចាប់ខ្លួនស្ត្រីអាជីវកររូបនោះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖