ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធករណីឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមមុខសញ្ញាចោរឆក់​​ទ្រព្យសម្បត្តិ​ពលរដ្ឋ​យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ចំនួន​១៦នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ ចុះស្រាវជ្រាវ​បង្រ្កាប​និងឃាត់ខ្លួន​ជាបន្ដបន្ទាប់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែលទើប​ទទួល​បាននៅព្រឹក​ថ្ងៃអង្គារ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ 

របាយការណ៍​ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់រហូតចាប់បានជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប សរុប១៨ដង ។

វត្ថុតាងចាប់យករួមមានបាន ៖ 

-ម៉ូតូចំនួន ៩គ្រឿង 

-ទូរស័ព្ទដៃចំនួន ១០គ្រឿង 

-មួកសុវត្ថិភាពចំនួន ០៨ 

-ពូថៅ ១ដើម 

-កាំបិតបុ័ង ១ដើម 

-ស្លាកលេខម៉ូតូ ១ផ្ទាំង ។ 

មានជនសង្ស័យចំនួន ២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងបទល្មើស ទទួលផលចោរកម្ម ។ សម្ភារវត្ថុតាងចាប់យកបានទូរស័ព្ទដៃចំនួន ១២គ្រឿង (ផលនៃអំពើចោរកម្ម) ។ 

បច្ចុប្បន្ន​ករណីនេះ នៅព្រឹកថ្ងៃអង្គារទី​១៤​ ខែកុម្ភៈ​នេះ​ កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖