ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​៖​ សារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប គឺផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្តាល ដើម្បីបង្កើនប្រាក់ចំណេញ

ចែករំលែក៖

ភ្នំពេញ៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចអំពីសារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប (Digitalization) ដើម្បីផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្តាល កាត់បន្ថយការចំណាយក្នុងខ្សែច្រវាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញ។  

 ការថ្លែងបែបនេះ​របស់​លោក​រដ្ឋមន្រ្តី​នាឱកាស​លោក និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី (ADB) កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

 ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រ ចំពោះសកម្មភាពរបស់គម្រោង ADB ដែលបាននិងកំពុងសហការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ។ 

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី​ បានលើកឡើងអំពីការជំរុញផលិតកម្មដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ តាមរយៈការប្រើប្រាស់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ ឬសូឡា សម្រាប់បូមទឹកនៅពេលថ្ងៃ និងការប្រើប្រាស់ភ្លើងនៅពេលយប់ដែលមានតម្លៃទាប ដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាកសិករ។

លោករដ្ឋមន្ដ្រី​ ក៏បានលើកឡើងផងដែរអំពីយន្តការផ្សេងៗដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច ដោយទទួលបាននូវកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម។    

 សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការកន្លងមករវាង ADB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការផ្តល់មូលនិធិពី ADB ក្នុងគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមាន Investment Project ចំនួន ៥គម្រោង និង Pipeline Project ចំនួន ៥គម្រោង ហើយគម្រោងទើបបានបញ្ចប់រួមមាន Investment Project ចំនួន ៤គម្រោង និង Technical Assistance ចំនួន ១០គម្រោង។ 

ចំណែកកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ADB-GMS លើវិស័យកសិកម្ម មានគម្រោងជំនួយបច្ចេកទេសរបស់ ADB ចំនួន ៤ក្នុងនោះគម្រោង ៣បានបញ្ចប់នៅឆ្នាំ២០១៦ ហើយ ADB បាននិងកំពុងផ្តល់ជំនួយបច្ចេកទេស ដើម្បីអនុវត្តកម្មវិធី SAFSP ក្នុងគោលបំណងគាំទ្រដល់ការអនុវត្ត “Strategy for promoting safe and environmental friendly agro-based value chain in the GMS” ចាប់ផ្តើមពី ២០២០ ដល់ ២០២៥ ដែលអនុវត្តដោយក្រុមហ៊ុន Landell Mills Ltd. សហការជាមួយក្រសួង និងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសសមាជិក GMS៕

ដោយ៖ស​ តារា


ចែករំលែក៖