ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kent D.Sission នាយកប្រតិបត្តិសម្ព័ន្ធនាំចេញស្បៀង និងកសិកម្ម (FAEA) និងតំណាង USDA ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងស្វាគមន៍ចំពោះការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងសាទរចំពោះកម្មវិធី School Milk Program ដែលធ្វើឱ្យសិស្សានុសិស្សទទួលបានអាហាររូបត្ថម្ភកាន់តែប្រសើរ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានស្តាប់ការបង្ហាញអំពីការងារសុវត្ថិភាពចំណីអាហារដែល FAEA បានសហការអនុវត្តជាមួយប្រទេសនានាកន្លងមក ដូចជា ប្រទេសវៀតណាម ចិន និងប្រទេសមួយចំនួនទៀតនៅអាស៊ី ដោយលោករដ្ឋមន្រ្តី បានរំឭកអំពីវប្បធម៌នៃការធ្វើម្ហូបអាហារ និងរបៀបថ្មីនៃការទទួលបានសុវត្ថិភាពម្ហូបអាហារ។
ដោយឡែកចំពោះការលើកឡើងអំពីការនាំចូលផលិតផលពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ កម្ពុជាបើកទ្វារទទួលជានិច្ច ទាំងពីសហរដ្ឋអាមេរិក និងប្រទេសទៀត។ យ៉ាងណាក៏ដោយ សម្រាប់គោលនយោបាយដែលលោក កំពុងតែជំរុញឱ្យដើរលឿនទៅមុខ គឺការនាំផលិតផល កសិផលខ្មែរដែលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស។
សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាពីឱកាសនៃកិច្ចសហការដែល FAEA ជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការគាំទ្រការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពចំណី-អាហារ។ FAEA មានបេសកកម្មក្នុងការពង្រឹងច្បាប់សុវត្ថិភាពចំណីអាហារអន្តរជាតិ ឱ្យស្របតាមស្តង់ដាវិទ្យាសាស្ត្រអន្តរជាតិ ហើយមានសមាសភាពមកពីក្រសួងកសិកម្មសហរដ្ឋអាមេរិច កម្មវិធី Market Access Program (MAP) ក្រុមផលិតទំនិញ និងស្ថាប័នឯកជន៕
ដោយ៖ ស តារា