ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញប៉ុស្ថិ៍សង្កាត់ទួលល្វាបានឱ្យដឹងថា មានករណីបងបង្កើតខឹងប្អូនបង្កើត ដោយសារបងបង្កើតមកពីចម្ការបន្លែ មកដល់ផ្ទះបានទៅស្រាវខ្សែភ្លើងនៅជុំវិញផ្ទះ ខណ:ពេលនោះប្អូនបង្កើតក៏បានប្រាប់ទៅបងថា កុំស្រាវខ្សែភ្លើងធ្វើអីយប់ហើយ ពេលនោះបងបង្កើតក៏ខឹងប្អូនរហូតដល់គងសម្តីគ្នាជេរប្អូនរួចយកកាំបិតបុ័ងតោគប់ទៅលើប្អូនបង្កើតបណ្តាលឱ្យរងរបួសធ្ងន់កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៤និង១០នាទី នៅចំណុចផ្ទះចម្ការដាំបន្លែ ស្ថិតនៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។
សមត្តមកិច្ចនគរបាលប៉ុស្តិ៍ទួលល្វាបានបន្តថា ជនរងគ្រោះឈ្មោះ គីម ឈុនលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅកន្លែងកើតហេតុខាងលើ រងរបួសធ្ងន់ត្រូវចង្កាដេរចំនួន០៧ថ្នេរ និងកដៃខាងឆ្វេងដេរចំនួន០៧ថ្នេរ(ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ) និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ចំណែកជនបង្កឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះដាំបន្លែជាមួយគ្នា(ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ)និងជាមុខសញ្ញាចាស់៖
១-ថ្ងៃទី០៨ខែសីហាឆ្នាំ២០២២ បានហៅមកអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ករណីគំរាមហិង្សានិងដុតខ្ទមចម្ការ។
២-នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០២២ ករណីដុតផ្ទះប្រជាពលរដ្ឋនិងត្រូវបានជនរងគ្រោះដកពាក្យបណ្តឹង និងដោះលែងឱ្យនៅក្រៅឃុំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ជនបង្កជិះម៉ូតូមកដល់ផ្ទះ ទៅមើលចម្ការបន្លែ និងបានដេីរទៅស្រាវខ្សែភ្លេីងជុំវិញផ្ទះ រួចជនរងគ្រោះបានប្រាប់ថា មិនបាច់ស្រាវខ្សែភ្លេីងទេយប់ហេីយ ជនបង្កក៏បានខឹងជេរជនរងគ្រោះ រួចនិយាយថា កុំចេះរឿងប្ដីប្រពន្ធអញ ពេលនោះជនបង្កក៏បានដេីរចូលក្នុងផ្ទះតាមផ្លូវក្រោយ ហេីយដេីរចេញមកវិញ ជនរងគ្រោះបានដេីរចេញពីក្នុងផ្ទះ ភ្លាមនោះជនបង្កបានយកកាំបិតបុ័ងតោដែលនៅក្នុងផ្ទះគប់ទៅលេីជនរងគ្រោះត្រូវចង្កា និងកដៃខាងឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់។
ករណីខាងលើនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលល្វា និងសំណូមពរឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។
សមត្តកិច្ចនគរបាលសង្កាត់ទួលល្វាបានបន្តទៀតថា ក្រោយពីការស្រាវជ្រាវរហូតដល់វេលាម៉ោងប្រហែល១៨និង២០នាទី ថ្ងៃទី/ខែ/ឆ្នាំដដែល កម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ប៉ៃលិនបានចុះសហការជាមួយកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យខាងលើដែលគេចមកនៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
វត្ថុតាងដកហូតមានកាំបិតបុ័ងតោចំនួន០១ដើម។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានគោរពស្នើសុំយោបល់លោកស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត