ព័ត៌មានទាន់ហេតុការណ៍៖

ក្នុង​ឆ្នាំ​២០២២! មនុស្សជាង ១៥០០០នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងថា​ មនុស្សជាង ១៥០០០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀន និងគ្រឿងញៀនជិត ១៥តោនដែលបានរឹបអូស ខណៈសារធាតុគីមីផ្សំដែលរឹបអូស​បានរហូត​ដល់ចំនួន ៥០៤តោននៅក្នុងឆ្នាំ២០២២ កន្លងទៅ ។

របាយការណ៍នេះ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំពីលទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ​២០២៣ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយកិច្ចប្រជុំនេះបានដឹកនាំដោយ​លោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមដោយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកស្រី អ៊ឹង គន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី,លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, និងមន្រ្តីមកពីក្រសួង​ស្ថាប័ន​ពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនោះ​ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងការព្រួយ បារម្ភចំពោះតួលេខគ្រឿងញៀន និងសារធាតុគីមីផ្សំកើនឡើង ហើយបានអំពាវនាវ​ដល់ភាគី​ពាក់ព័ន្ធទាំង ​អស់រួមគ្នាបន្តទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសគ្រឿងញៀននេះ​ឲ្យបានសកម្ម​បន្ថែមទៀត ដើម្បីសន្តិសុខសង្គមជាតិ។ 

របាយការណ៍ដដែល​ បានបង្ហាញថា លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរួមមាន៖បទល្មើសគ្រឿងញៀនសរុបបង្ក្រាបបាន ៦,៣៩០ករណីស្មើនឹង ១០១.៣០% ប្រៀបធៀប​នឹងឆ្នាំ២០២១ (៦,៣០៨ ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង ១.៣០% ឃាត់ខ្លួនជនសង្ស័យសរុប ១៥,០០២នាក់/សី ៩៥២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀប​នឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង៧.៣២% ។ ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤.៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់ (ស្រី ៤៣នាក់) ស្មើនឹង១០ជនជាតិ ។ គឿងញៀនសរុប ចាប់យកបានចំនួន ១៤ តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម ស្មើនឹង ៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១ (០៤តោន ៦៨៩គីឡូក្រាម ៦១១.៤៧ក្រាម) មានចំនួនច្រើនជាង១០តោន ២២៩គីឡូក្រាម និង៨៥៥.៦០ ក្រាម កើនឡើងប្រមាណ៣ដង កញ្ឆាស្រស់ កាប់បំផ្លាញបានចំនួន ៤៨,០៣៧ដើម និងចាប់យកកញ្ឆាក្រៀម បានចំនួន ៦០គីឡូក្រាម ៣៧៤.៧៣ក្រាម។

របាយការណ៍ បានបន្ថែមទៀតថា សារធាតុគីមីផ្សំ រឹបអូសបានចំនួន ៥០៤តោន ៥៧៧គីឡូក្រាម ស្មើនឹង ៥៩៤.១៨% ប្រៀបធៀបនឹងឆ្នាំ២០២១ (មានចំនួន ៨៤តោន ៩២០គីឡូក្រាម) មានចំនួនច្រើនជាង ៤១៩តោន ៦៥៧គីឡូក្រាម កើនឡើង ៤៩៤.១៨% ប្រមាណជា ៥ដង។ គិតរួមទាំងការបង្ក្រាប និងរឹបអូសបានកាលចុងឆ្នាំ២០២១កន្លងទៅ (ចំនួន ៨៤តោន ៩២០គីឡូក្រាម)មកដល់ដំណាច់ឆ្នាំ២០២២នេះ សារធាតុគីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវ​រកឃើញ​ធ្វើការបង្ក្រាប និងរឹបអូសបានមានចំនួនរហូតដល់ទៅជិត ៦០០តោន៕

ដោយ​៖សហការី​


ចែករំលែក៖