ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺមេដាយ «ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ, ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺជាកិត្តិយសដ៏ធំធេង របស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាមេដឹកនាំដ៏បិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាព សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា