ខ្សែបម្រើ Rodrigo Bentancur របស់ក្លិបមាន់ខ្នាយមាស Tottenhamត្រូវអវត្តមានពេញមួយរដូវកាល ដោយសាររបួសជង្គង់។
កីឡាករវ័យ២៥ឆ្នាំរូបនេះបានជួបបញ្ហាកំឡុងពេលប្រកួតចាញ់ Leicester City ៤–១ កាលពីថ្ងៃសៅរ៍ នៅពេលដែលគាត់ត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន៦៥នាទី។
ក្លិប Spurs បានប្រកាសថា “Bentancur បានរងរបួសសរសៃនៅជង្គង់ឆ្វេងរបស់គាត់។ ខ្សែបម្រើរូបនេះនឹងទទួលការវះកាត់ មុនពេលចាប់ផ្តើមការស្តារនីតិសម្បទាជាមួយបុគ្គលិកពេទ្យរបស់យើង”។
កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះដែលបានផ្តល់ឱ្យ Spurs នាំមុខលើក្រុម Leicester បានរងរបួសបន្ទាប់ពីការប៉ះទង្គិចជាមួយកីឡាករNampalys Mendy។ គាត់ត្រូវការអុកស៊ីហ្សែន ហើយខណៈដែលរទេះរុញត្រូវបានគេបញ្ជូនឱ្យគាត់ ប៉ុន្តែគាត់អាចដើរចេញដោយខ្លួនឯងបាន។
ខ្សែបម្រើ Bentancur គឺជាផ្នែកមួយនៃក្រុមរបស់ប្រទេសរបស់គាត់នៅ World Cup ឆ្នាំ២០២២ ហើយបានបង្ហាញខ្លួន២៦ដងសម្រាប់ក្លិបTottenham នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន២ដង។
Spurs មិនទាន់មានអ្នកចាំទី Hugo Lloris ទេ បន្ទាប់ពីគាត់ត្រូវអវត្តមានយ៉ាងហោចណាស់៦សប្តាហ៍ដោយសាររបួសជង្គង់ និងខ្សែបម្រើ Yves Bissouma ដែលត្រូវការការវះកាត់ដើម្បីជួសជុលការបាក់ឆ្អឹងកជើងខាងឆ្វេងរបស់គាត់។
ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងមួយនេះនឹងត្រូវប៉ះក្រុម AC Milan ក្នុងជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃអង្គារនេះ ហើយនឹងអវត្តមានខ្សែបម្រើ Pierre-Emile Hojbjergសម្រាប់ការប្រកួតនោះផងដែរដោយសារគាត់ត្រូវបានព្យួរការប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)