ភ្នំពេញ៖ ប្រទេសជប៉ុនមានទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជា បានយ៉ាង ល្អ ខណៈ ជប៉ុនជាប្រទេសមួយដែលបាន រួមចំណែកយ៉ាងសំខាន់ក្នុងការនាំសន្តិភាព មកឲ្យកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយឥតសំណង និងការផ្ដល់ជំនួយបច្ចេកទេស យ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។
នេះបើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមជាមួយនឹង លោកអូអុិណូ អាត់ស៊ូហ្សុី ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពរបស់ ប្រទេសជប៉ុន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងនាម ប្រជាពលរដ្ឋកម្ពុជា លោកពិតជាអរគុណចំពោះប្រទេសជប៉ុន ដែលបានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា ជាមួយ នឹងការផ្ដល់ជំនួយបច្ចេកទេសថែមទៀត។ លោក ឃួង ស្រេង បានបន្តថា តាមរយៈ ការ មិនឲ្យកម្ពុជាសងបំណុលដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែក ស្វែងរកសន្តិភាពឲ្យប្រទេសកម្ពុជា របស់ប្រទេសជប៉ុន វាពិតបានធ្វើឲ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំនិងស្អិតរមួតទ្វេឡើង។
លោក ឃួង ស្រេង. បានបន្តទៀតថា ក្រោមជំនួយរបស់ប្រទេសជប៉ុន តាមរយៈចៃកា ធ្វើអោយរាជធានីភ្នំពេញ អាចកាត់បន្ថយបាននូវការលិចលង់មួយចំណែក។ ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តពេញថ្លើមចំពោះ ការអភិវឌ្ឍន៍រាជធានីភ្នំពេញរបស់យើង។
បន្ថែមពីនេះទៀតលោក ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិសាស្រ្តរបស់កម្ពុជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាបានធ្លាក់ក្នុងរបបប៉ុលពត ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់ចុះដល់ចំណុចសូន្យ ។ ប៉ុន្តែក្រោយពី រំដោះប្រទេសជាតិចេញពីរបបនេះ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់និងបន្តរីកចំរើនមកដល់សព្វថ្ងៃនេះ និងបានធ្វើអោយប្រទេសកម្ពុជាមានមុខមានមាត់នៅលើឆាកអន្តរជាតិថែមទៀតផង។
លោកអូអុិណូ អាត់ស៊ូហ្សុី ក្នុងឱកាស នោះបានមានប្រសាសន៍លើកឡើងផងដែរថា ប្រទេសជប៉ុននិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ ឆ្នាំហើយ ។ ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែក នាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ ។
លោកពិតជារីករាយចំពោះការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ បើទោះបីប្រទេសកម្ពុជាធ្លាប់បានធ្លាក់ក្នុងរបបខ្មែរក្រហមដល់ចំណុចសូន្យយ៉ាងណាក្តី ។
លោកអូអុិណូ អាត់ស៊ូហ្សុី បានបន្តទៀតថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅកម្ពុជា ឬនៅប្រទេសជប៉ុននោះទេ សេដ្ឋកិច្ចប្រទេសសុទ្ធតែបានធ្លាក់ចុះ ។ តែពេលនេះនៅប្រទេសកម្ពុជា ក្រោយពីបើកសេដ្ឋកិច្ចឲ្យដំណើរការជាប្រក្រតីឡើងវិញ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងនោះការវិនិយោគរបស់ជប៉ុននៅកម្ពុជាក៏មានការងើបឡើងវិញជាមួយគ្នានេះផងដែរ។
លោកបន្តទៀតថា ប្រទេសជប៉ុនបានជួយ រាជធានីភ្នំពេញ លើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ដោយឡែកចម្រាប់ បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយជាមួយនឹងរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរថែមទៀត៕
ដោយ ៖ សំរិត