ព័ត៌មានទាន់ហេតុការណ៍៖

ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត!

ចែករំលែក៖

ភ្នំពេញ ៖ ខាងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់អំពី ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត!

១) អ្វីទៅជារបួសគ្រាំទ្រូង-សួត៖

   – គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង រហូតដល់ការប៉ះពាល់ធ្ងន់ធ្ងរនៃសរីរាង្គក្នុងទ្រូង (សួត បេះដូង សរសៃឈាមធំ ។ល។)

   – ជាជំងឺដែលអាចមានការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ

   – ត្រូវការសម្រាកព្យាបាលសង្គ្រោះបន្ទាន់ និងតាមដាននៅក្នុងមន្ទីរពេទ្យ ដើម្បីកាត់បន្ថយអត្រាមរណភាព។

២) មូលហេតុ៖

   – គ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%

   – គ្រោះថ្នាក់ដទៃទៀត ដូចជាជម្លោះ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់តាមលំនៅដ្ឋាន តិចជាង ៤០%

   – ក្នុងបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់ ក្នុងនោះភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់។

៣) ក្រុមមនុស្សដែលប្រឈមមុខ៖

   – មនុស្សក្រោមអាយុ ៥០ឆ្នាំ

   – បុរសមានរហូតដល់ ៧៨%

   – ស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ

   – ក្នុងចំណោម អ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា៖

      · របួសប៉ះទង្គិចក្បាល ៤០% នៃករណី

      · របួសប៉ះទង្គិចបាក់បែកដាច់សាច់មាន ៣១%

      · របួសគ្រាំគ្រាសរីរាង្គក្នុងពោះមាន ២១%

៤) រោគសញ្ញា៖

   – ឈឺចាប់ក្នុងទ្រូងត្រង់កន្លែងប៉ះទង្គិច

   – ដកដង្ហើមញាប់ និងតិចៗ ដោយសារការឈឺចាប់

   – ទឹកមុខស្លេកស្លាំង

   – ថប់ដង្ហើម ឬហត់

រោគសញ្ញារួមផ្សំ៖

   – ហើមមុខ និងទ្រូងដោយវត្ថុមានខ្យល់នៅក្រោមស្បែក

   – បែកញើសជោគខ្លួន

   – អ្នកជំងឺឡេះឡះ

៥) ផលវិបាក៖

   – សម្ពាធឈាមចុះទាប

   – កម្រិតអុកស៊ីសែនក្នុងខ្យល់ចុះទាប

   – អ្នកជំងឺសន្លប់ស្តូកស្តឹង ឬដង្ហក់ខ្លាំង

៦) រោគវិនិច្ឆ័យ៖

   – ការពិនិត្យគ្លីនិក

   – ការថតឆ្លុះ ទ្រូង-សួត (Chest X-ray)

   – ការថតឆ្លុះអេកូ ស្រោមសួត (Pleural ultrasound)

   – ការថតស្កែនន័រ ទ្រូង-សួត (CT Scan of the chest)

៧) ការព្យាបាល៖

   – ចោះបង្ហូរ បូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម

   – ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក

   – អ្នកជំងឺត្រូវសម្រាក និងតាមដាននៅក្នុងមន្ទីរពេទ្យ

   – តាមដានកម្រិតអុកស៊ីសែន ក្នុងខ្លួនអ្នកជំងឺ

៨) វិធីការពារ៖

   – គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា

   – កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

   – គ្រប់អ្នករបួសគ្រាំគ្រាទ្រូង-សួត សូមអញ្ជើញមកពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស

   – សូមចាំថារាល់បណ្តារបួសទ្រូង-សួត សុទ្ធតែអាចបង្កនូវបញ្ហាប៉ះពាល់ដល់សុខភាពអ្នកជំងឺតិចឬច្រើន ហើយករណីខ្លះអាចគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺតែម្តង។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរបួសគ្រាំគ្រាទ្រូង-សួត ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រុមគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីនៃជំងឺទ្រូង-សួត៕

ដោយ ៖ សហការី


ចែករំលែក៖