ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចំនួន៣០ចូលរួមក្នុងសមយុទ្ធចម្រុះពហុភាគី Cobra Gold

ចែករំលែក៖

ជាផ្នែកមួយនៃការហ្វឹកហ្វឺនប្រតិបត្តិការអវកាស ទាហានដែលចូលរួមក្នុងសមយុទ្ធនេះនឹងរៀនពីរបៀបឆ្លើយតបនៅពេលដែលបាតុភូតអវកាសប៉ះពាល់ដល់ប្រតិបត្តិការយោធា។
យោងតាមការប្រកាសរបស់កងយោធាថៃ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធពហុភាគី “Cobra Gold” ដែលនឹងហ្វឹកហាត់ជាលើកដំបូងក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយអវកាស។
សមយុទ្ធដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈដល់ថ្ងៃទី ១០ ខែមីនា ដោយមានកម្លាំងទាហានចំនួន ៧.៣៩៤នាក់មកពីប្រទេសចំនួន៣០ រួមទាំងទាហានអាមេរិកចំនួន ៦.០០០ នាក់។
ជាផ្នែកមួយនៃការហ្វឹកហ្វឺនប្រតិបត្តិការអវកាស ទាហានដែលចូលរួមក្នុងសមយុទ្ធនឹងរៀនពីរបៀបឆ្លើយតបនៅពេលដែលបាតុភូតអវកាសប៉ះពាល់ដល់ប្រតិបត្តិការយោធា ដូចជាព្យុះព្រះអាទិត្យ ឬដែនម៉ាញេទិក ការរំខាននៃការទំនាក់ទំនង និងសញ្ញាផ្កាយរណប។
“Cobra Gold” គឺជាសមយុទ្ធពហុភាគីដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានប្រទេសនាំមុខក្នុងការធ្វើសមយុទ្ធចំនួន៧ រួមមាន ជប៉ុន សហរដ្ឋអាមេរិក ថៃ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។
ប្រទេសចំនួនបីដែលនឹងចូលរួមក្នុងសមយុទ្ធជំនួយមនុស្សធម៌គឺចិន ឥណ្ឌា និងអូស្ត្រាលី។ ទន្ទឹមនឹងនោះ ប្រទេសចំនួន១០នឹងចូលរួមជាអ្នកសង្កេតការណ៍គឺមានកម្ពុជា ឡាវ ប្រេស៊ីល ប៉ាគីស្ថាន វៀតណាម អាល្លឺម៉ង់ ស៊ុយអែត ក្រិក គុយវ៉ែត និងស្រីលង្កា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN

 

 


ចែករំលែក៖