ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជីតាបង្កើតដែលបានមួលកសម្លាប់ចៅប្រុស។ ជនជាប់សង្ស័យមានឈ្មោះ ថ្ម ក្រាក់ អាយុ ៥២ ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ជននេះជាប់ ពាក់ព័ន្ធបទល្មើសជាក់ស្តែងករណីឃាតកម្មដែលកើតហេតុកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក។
បើតាមអង្គហេតុ គឺនៅវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំល្វាទទួលបានព័ត៌មានថា មានករណីក្មេងលង់ទឹកស្រះ នៅត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ដែលមានសាកសពកុមារាម្នាក់ឈ្មោះ តាំ រតនា ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០។
ដោយមានការសង្ស័យមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចក៏បានណែនាំដល់ក្រុមគ្រួសាររក្សាសាកសព ដើម្បីឱ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យឱ្យបានច្បាស់លាស់តាមនីតិវិធី។
បន្ទាប់មក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ បានសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះដល់ទីតាំងខាងលើ ពិនិត្យសាកសព និងពិនិត្យវិភាគកន្លែងកើតហេតុនៅចំណុចស្រះទឹកស្ថិតក្នុងភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលមានចម្ងាយពីផ្ទះសពប្រហែល ២៥០ម៉ែត្រ។ សាកសពបានបាក់កមានស្នាមជាំ ក្រោមត្រចៀកខាងស្តាំ, ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា, ស្នាមជាំក្រោមឆ្អឹងជំនីរខាងស្តាំ និងមានលាមក ចេញតាមរន្ធគូថ។
ជនសង្ស័យ ឈ្មោះ ថ្ម ក្រាក់ បានសារភាពថា ខ្លួនពិតជាបានជ្រុលដៃសម្លាប់ជនរងគ្រោះដែលជាចៅពិតមែន ព្រោះខឹងរូបគេយកដៃលូកព្រីភ្លើងលេង។
ជនសង្ស័យបានរៀបរាប់ថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ខ្លួនបានចូលទៅក្នុងផ្ទះដេកលេងទូរស័ព្ទជាមួយចៅ។ លុះដល់វេលាម៉ោងប្រហែល៤រសៀលចៅប្រុសឈ្មោះ តាំ រតនា បានទម្លាក់ទូរស័ព្ទចោលហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុនខ្លួនក៏ចាប់កន្ត្រាក់ខ្សែភ្លើងចេញពីដៃរបស់ចៅព្រោះខ្លាចឆក់ ។ ដោយមានកំហឹង ខ្លួនបានយកខ្សែភ្លើងបត់ជាពីរ វាយលើដងខ្លួនចៅចំនួន២ខ្សែភ្លើង ហើយចៅបានស្រែកយំ ខ្លួនបានទះចំក្រោមថ្គាមនិងដកផ្នែកខាងស្តាំមួយទំហឹង ហើយចៅ នៅតែយំខ្លាំងៗ ខ្លួនក៏យកដៃទាំងសងខាងចាប់ក្បាលរបស់ចៅមួលបង្វិលទៅផ្នែកខាងឆ្វេង ។ ស្របពេលនោះ ខ្លួនក៏យកដៃទាំងសងខាង លូកចាប់ដៃរបស់ចៅទាំងសងខាង ចំណុចក្រោមក្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើពូកដែលមានចម្ងាយពីខ្លួនប្រហែល ១,៥ ម៉ែត្រ ភ្លាមនោះចៅក៏សន្លប់បាត់សំឡេងឈឹង។ នៅពេលស្ទាបមើលឃើញថាចៅប្រុសឈ្មោះ តាំ រតនា នៅមានដង្ហើម ដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើបខ្លួនលើកបីចៅដោយប្រើដៃខាងស្តាំទ្រផ្នែកខាងក្រោមនិងដៃខាងឆ្វេងទប់ក្បាល ត្រកងក្បាលចៅឱ្យកើយលើស្មាខាងស្តាំយកទៅទម្លាក់នៅក្នុងទឹកស្រះ ដែលស្ថិតនៅចម្ងាយពីផ្ទះប្រហែល ២៥០ម៉ែត្រ រួចត្រឡប់មកផ្ទះវិញធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង។ លុះដល់វេលាម៉ោង១៧ និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅប្រុស គេក៏ដើររក និងទៅស្រង់ចៅចេញពីទឹកស្រះយកមកផ្ទះវិញ។
ចម្លើយសារភាពរបស់ជនសង្ស័យមានភាពស៊ីចង្វាក់ទៅនឹងស្លាកស្នាមនៃដងខ្លួន និងអវយវៈសាកសព ទើបនគរបាលបានសម្រេចអនុវត្តតាមនីតិវិធី ៕
ដោយ៖ សូរិយា