ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា​ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ​បក្ស​ ​និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជន​បដិវត្តន៍​ឡាវ ដែលដឹកនាំដោយលោម ថងលុន ស៊ីសូលីត អគ្គលេខាធិកា​រ​នៃគណៈ​កម្មាធិការមជ្ឈិមនិងជាប្រធានរដ្ឋឡាវ បានជួបប្រជុំកំពូល​លើកទី​១៣ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជា​មានិត​ឡាវ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និង​ក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជំនូវចំណងសាមគ្គីភាព មិត្តភាពជា​ប្រពៃ​ណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេស​ទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង​ចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោ​របស់​គណបក្ស និងប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា​ បានជូនដំណឹង​ភាគីឡាវ អំពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង​ប្រទេស​របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ និងបានផ្លាស់ប្ដូរយោបល់​អំពីសភាពការណ៍​អន្តរជាតិ​និងតំបន់ ដោយផ្ដោតទៅលើការពង្រឹងពហុភាគីនិយម​ក្នុងទំនាក់ទំនង​អន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើន​កិច្ច​សហប្រតិបត្តិការ​រវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយ​ជំរុញការអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យបុគ្គល អង្គការចាត់តាំងណា​មាន​សកម្មភាពប្រឆាំង ឬ ប្រើប្រាស់ទឹកដីរបស់ខ្លួន​ ដើម្បីប្រឆាំងនឹងប្រទេស​ នៃ​ភាគីម្ខាងទៀត។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់​ចំណង​សាមគ្គីភាពមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និងការ​ជួយឧបត្ថម្ភគ្នារវាងគណបក្ស រដ្ឋាភិបាល សភា និងអង្គការមហាជន ​នៃប្រទេស​ទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន​ នៃប្រទេស​ទាំងពីរ ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ និងលើកកម្ពស់ តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនង​មិត្ត​ភាព​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំង​ពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ​នៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វ​ហេតុ​សន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖