ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់របួសបាក់ភ្លៅដោយជិះកង់បត់ឆ្វេងត្រូវរថយន្តបើកបុកនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបាក់ភ្លៅខណៈជិះកង់បត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តឡង់គ្រីស័របើកបុកយ៉ាងពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង០៥នាទីល្ងាចថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ៣១៤D ស្ថិតនៅភូមិ អង្គតាមោក ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ជឹន សុីយ៉ូត  អាយុ ២៥ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ អង្គតាមោក ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

ចំណែកអ្នកបើករថយន្តមានឈ្មោះ ហ៊ត់ ម៉ាប់ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជាងឡាន រស់នៅភូមិ ទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បើករថយន្ត ម៉ាកឡង់គ្រីស័រ ស៊េរីឆ្នាំ ១៩៩៥ ពណ៌ សំបកឪឡឹកពាក់ស្លាកលេខ  ភ្នំពេញ J-៤៥៣៩  ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះកង់មួយគ្រឿងក្នុងទិសដៅពីជើងមកត្បូងលើផ្លូវជាតិលេខ ៣១៤Dហើយបត់ឆ្វេងមិនប្រយ័ត្នក៏មានរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ស៊េរីឆ្នាំ ១៩៩៥ ពណ៌ សំបកឪឡឹកពាក់ស្លាកលេខ  ភ្នំពេញ J-៤៥៣៩  ជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ក្រោយមកអ្នករងរបួសបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមធ្យោបាយយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រសូត្រដើម្បីចាត់ការបន្តតាមច្បាប់ ៕

 

ដោយ៖ សុថាន


ចែករំលែក៖