ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីពន្ធដារខេត្តស្វាយរៀងបំភ្លឺព័ត៌មានក្រោយផ្ទុះបង្ហោះព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធករណីកម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់ម្ចាស់គោយន្តកែច្នៃឱ្យទៅបង់ពន្ធនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការបង្ហោះព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធករណីកម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់ម្ចាស់គោយន្តកែច្នៃឱ្យទៅបង់ពន្ធកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣នៅត្រង់ចំណុចសង្កាត់សង្ឃ័រក្រុងស្វាយរៀងរួចមក សាខាពន្ធដារខេត្តស្វាយរៀង​បានអះអាងថា គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី​ មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ ហើយត្រូវតែបង់ពន្ធ​ចំនួន២០០,០០០រៀល​ សម្រាប់១ឆ្នាំ​ក្នុងមួយគ្រឿង​ ។

   យោងតាមការបំភ្លឺរបស់មន្ត្រីសាខាពន្ធដារខេត្តស្វាយរៀង​បានឱ្យដឹងនារសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣នេះថា​ យោងតាមប្រកាសលេខ៥៣១​ សហវ​ ចុះថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៨​ ស្តីពីការប្រមូលពន្ធលេីមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ក្នុងឧបសម្ព័ន្ធ១​ ខំណុច​ខ១​ ចែងថា​ រថយន្តដែលបំប្លែងមកពីគោយន្ត​ ត្រូវបង់ពន្ធចំនួន២០០,០០០រៀល​ សម្រាប់១ឆ្នាំ​ក្នុងមួយគ្រឿង​ ។

    ប្រភពបន្តថា ជាក់ស្តែងនៅថ្ងៃទី១៥ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ​ ក្រុមការងារចុះពិនិត្យពន្ធលេីមធ្យោបាយដឹកជញ្ជូន​ និងយាន្តជំនិះគ្រប់ប្រភេទរបស់សាខាពន្ធដារខេត្តស្វាយរៀង​ បានចុះពិនិត្យតាមដងផ្លូវនៅជិតនឹងទីតាំងដែលយានយន្តកែច្នៃនោះ​កំពុងចរាចរនិងប្រកបអាជីវកម្ម​ ហេីយបានពិនិត្យឃេីញថា​ មិនទាន់បង់ពន្ធលេីមធ្យោបាយដឹកជញ្ជូននៃយានជំនិះនៅឡេីយ​ ស្របតាមប្រកាសជាធរមាន​ ទេីបកម្លាំងចម្រុះចុះដល់ទីតាំងដេីម្បីណែនាំនិងអញ្ជេីញម្ចាស់គោយន្តកែច្នៃទាំងនោះមកបង់នៅតាមគោលដៅដែលបានកំណត់។

   សូមជម្រាបជូនថា​ គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី​ មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ​ លេីសពីនេះ​ក្នុងករណីពិនិត្យឃេីញថា​ មន្ត្រីចុះអនុវត្តផ្ទាល់បានប្រព្រឹត្តខុសពីគោលការណ៍ក្នុងប្រការណាមួយ​ អគ្គនាយកដ្ឋានពន្ធដា​រនឹងចាត់វិធានការយ៉ាងឆាប់រហ័ស៕

ដោយ៖ សុថាន


ចែករំលែក៖