ភ្នំពេញ៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ២ពាន់តោនក្នុងមួយខែៗ រួមនឹងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅតាមផ្សារទំនើប និងភោជនីយដ្ឋាននានាផងដែរ។
លោក ម៉ៅ ធនិន លើកឡើងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន២ ដែលកំពុងវិនិយោគដាំដុះចេកអំបូងលឿង នៅក្នុងខេត្តកំពត ដោយបានផ្តល់ការងារដល់ពលរដ្ឋខ្មែរ ប្រមាណ២ពាន់នាក់។ ចំការចេកនេះ មិនត្រឹមតែផ្តល់ចំណូលពីការនាំចេញទៅទីផ្សារអន្តរជាតិ និងក្នុងស្រុក ព្រមទាំងបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងជាតំបន់ទេសចរណ៍ផងដែរ ដោយមានភ្ញៀវទេសចរជាច្រើន បាននាំគ្នាទៅទស្សនាពីការដាំចេកនៅតំបន់នោះ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ចេកអំបូងលឿងរបស់ខេត្តកំពត មានឱជារសផ្អែមឆ្ងាញ់ ក្រអូប ឆ្ងុយមុត ដោយសារកត្តាបី គឺដីដែលមានជីវជាតិល្អ ទឹកស្រោចស្រពជាប្រភេទទឹកជ្រោះ ដែលគ្មានសារធាតុគីមី និងកត្តាអាកាសធាតុ ដែលធ្វើឱ្យចេកមានពណ៌សម្បុរស្រស់ស្អាត។ លោកអភិបាលខេត្ត បន្ថែមថា ដោយសារចេកអំបូងលឿង មានទីផ្សារល្អ ក្រុមហ៊ុនមានផែនការពង្រីកផ្ទៃដីដាំដុះផងដែរ។
លោក ម៉ៅ ធនិន បានគូសបញ្ជាក់ទៀតថា៖ «ក្នុងនាមជាអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញរបស់យើង គឺយើងមានការគាំទ្រណាស់ទៅលើដំណាំចេកអំបូងលឿង។ ហើយឥលូវនេះក្រុមហ៊ុនកំពុង តែមានការជំរុញបន្ថែមទៅលើការដាំដុះ។ ហើយខ្ញុំសង្ឃឹមថា ប្រសិនបើការដាំដុះនេះល្អនឹងអាចពង្រីក បានទៅលើផ្ទៃដីមួយចំនួន ដែលពាក់ព័ន្ធនៅជុំវិញទីនោះថែមទៀត ដោយមានការចូលរួមពីបងប្អូនសហគមន៍ និងប្រជាពលរដ្ឋនៅជុំវិញនោះ ដោយមានការដាំដុះទៅលើដំណាំមួយមុខនេះតែម្តង ព្រោះបើតាមការផ្អែកទៅលើទីតាំងភូមិសាស្រ្ត»។
ដោយឡែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពតលោក ចាន់ រិទ្ធិ ក៏បានឱ្យដឹងថា ចេកអំបូងលឿងត្រូវបានដាំដុះលើផ្ទៃដីចំនួន១ ០៦៣ ហិកតា ក្នុងនោះផ្ទៃដីដែលកំពុងប្រមូលផលមានចំនួន ៦៦១ហិកតា ដោយទទួលបានទិន្នផលចំនួន៤៣តោនក្នុងមួយហិកតា។ក្នុងមួយឆ្នាំៗ ដំណាំនេះនាំចេញបានប្រមាណជាង ២០ម៉ឺនតោន។
លោកប្រធានមន្ទីរខេត្តរូបនេះ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនដែលវិនិយោគលើដំណាំចេកនៅខេត្តកំពតរួមមាន ក្រុមហ៊ុន វើលទ្រីសារ របស់ឧកញ៉ា ស្រ៊ុន ងួន និង ក្រុមហ៊ុន Longmate Agriculture របស់ឧកញ៉ ហ៊ុន ឡាក់ ដែលក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគ ឆ្នាំ២០១៨ លើផ្ទៃដីជាង៤០០ហិកតា និងបានចាប់ផ្តើមនាំចេញទៅប្រទេសចិនដំបូងនៅឆ្នាំ២០១៩។
សមជម្រាបថា ចេកអំបូងលឿង គឺជាផ្លែឈើទី១របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការ ដោយចាប់ផ្តើមនាំចេញជាលើកដំបូងនៅឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជានាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៣៤៥,៤៧០តោន៕
ដោយ៖ សហការី