ខេត្តព្រះសីហនុ៖ មានករណីពុលចំណីអាហារមួយបានកើតឡើងក្នុងភូមិ ក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ ។ មកដល់ព្រឹកថ្ងៃ ១៦ ខែកុម្ភៈ អ្នកជំងឺបានធូរស្រាលច្រើនហើយ ហើយអាចចាកចេញទៅផ្ទះបាន ជាបណ្ដើរៗហើយ។
យ៉ាងណាក៏ដោយពលរដ្ឋចាស់,ក្មេង២៤នាក់ បានពុលចំណីអាហារ (បាញ់ស៊ុង,ចំណីអាហារផ្សេងទៀត)ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
អ្នកស្រី នូច ច័ន្ទដារា ប្រធានមណ្ឌលសុខភាពតក្កវិដ ស្រុកកំពង់សិលាបានឱ្យដឹងថា ពលរដ្ឋដែលពុលចំណីអាហារមានចំនួនសរុប២៤នាក់ក្នុងនេះត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចំនួន ១៨ នាក់,សម្រាកព្យាបាលនៅពេទ្យ ឯកជន១នាក់ ដោយ ឡែក៥នាក់ទៀត ដែលមានអាការៈស្រាលៗ ត្រូវបានគ្រូពេទ្យទៅដាក់សេរ៉ូមរួចឱ្យទៅព្យាបាលតាមផ្ទះវិញ។ អ្នកជំងឺមានអាការៈ ខ្លះរាក, ខ្លះក្អួត ប៉ុន្តែមិនមានការប៉ះពាល់ដល់អាយុជីវិតអ្វីនោះទេដោយបានសង្គ្រោះទាន់ពេលវេលា ។
អ្នកគ្រូពេទ្យបញ្ជាក់ថា មកដល់ពេលនេះ ជនរងគ្រោះមានអាការៈស្រាលៗដែលសម្រាកព្យាបាលនៅផ្ទះបានសះស្បើយហើយ។ ដោយឡែកអ្នកដែលមកសង្គ្រោះមណ្ឌលសុខភាព ក៏បានធូស្រាលខ្លះដែរ តែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រឡប់ទៅវិញនៅឡើយ ដោយ សុខភាពពួកគាត់នៅខ្សោយនៅឡើយ ប្រហែលល្ងាចថ្ងៃទី១៦ខែកុម្ភៈនេះ អាចអនុញ្ញាតឱ្យវិលទៅវិញហើយ។
ស្របពេលហេតុការណ៍នេះដែរលោក គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បានអញ្ជើញចុះមកសួរសុខទុក្ខជនរងគ្រោះ និងបានពាំនាំយកថវិកាសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថមដល់បងប្អូនពលរដ្ឋរងគ្រោះ ទាំង២៤នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងបានឧបត្ថម្ភដល់មណ្ឌលសុខភាពតក្កវិដចំនួនមួយលានរៀលផងដែរ ៕
ដោយ៖ សូរិយា