ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ STYLE Bangkok ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឧកញ៉ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឱ្យបាន ជ្រាបថា នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងរៀបចំ ពិព័រណ៍ STYLE Bangkok ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៦ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង បាងកក ប្រទេសថៃឡង់ដ៍។ ពិព័រណ៍ STYLE Bangkok ២០២៣នេះ ផ្តោតលើសម្ភារៈតុបតែងលម្អក្នុង គេហដ្ឋាន ផលិតផលសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារឹម។
ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញឧកញ៉ា លោក-លោកស្រី ជាពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈ អាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ដើម្បីបំពេញបែបបទចូលរួម៕
ខាងក្រោមនេះមានសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៖
ដោយ៖សហការី