ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកបង្គោលស្លាកសញ្ញាប្រាប់ផ្លូវនិងកន្លែងលក់បបរ.ស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុករះបង្គោលស្លាកសញ្ញាប្រាប់ផ្លូវ ហើយនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកចូលកន្លែងលក់បបរ.សផ្ទប់នឹងដើមឈើមួយដើម បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចក្បែរនឹងភ្លើងស្តុបពេទ្យចិន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសម្តីបុរសអ្នកបើករថយន្តបានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានបើករថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-2001 ពីខេត្តមកភ្នំពេញវិញ រួចធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ខណៈបើកមកដល់ចំណុចកើតហេតុ ដោយខ្លួនអត់ងងុយពេក ក៏បានងោកមួយភាំងក៏រេចង្កូតរថយន្តមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលស្លាកសញ្ញាប្រាប់ផ្លូវបណ្តាលឲ្យបាក់រាបដល់ដី ហើយបន្តទៅបុករះកន្លែងលក់បបរ.ស បណ្ដាលឱ្យខូចខាតសម្ភារមួយចំនួន តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។  ចំណែករូបខ្លួនត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់នៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុដោយភាគីទាំង២មិនអាចសម្រួលគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី២ បានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖