ក្រុមម្ចាស់ផ្ទះ Barcelona បានវាយបកវិញដើម្បីទទួលបានលទ្ធផលស្មើ ២-២ ជាមួយក្រុមភ្ញៀវបិសាចក្រហម Manchester United ក្នុងការប្រកួតជម្រុះ Europa League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៧ កុម្ភៈនេះ។
United គឺជាក្រុមដែលល្អជាងសម្រាប់ជំនួបនៃការប្រកួត និងគ្រប់គ្រងបាល់បានល្អជាង ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Marc-Andre ter Stegen ដែលបានធ្វើការសង្គ្រោះបាន៣ដងក្នុងតង់ទីមួយ។
ក្រុមនាំមុខកំពូលតារាង La Liga អ្នកមានបុណ្យ Barcelona បានរកបានគ្រាប់ដំបូងនៅ៥នាទីបន្ទាប់ពីការសម្រាកតង់ទី១ ពេលដែលកីឡាករ Marcos Alonso បានស៊ុតបាល់បញ្ចូលទីដោយការតែតបាល់បុកនឹងដី ផុតដៃអ្នកចាំទីក្រុមបិសាចក្រហម Man United នៅនាទីទី៥០។
ខ្សែប្រយុទ្ធ Marcus Rashford បានតាមស្មើវិញ៣នាទីក្រោយមក បន្ទាប់ពីការវាយបកពីខាងឆ្វេង ដោយបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អផុតដៃអ្នកចាំទី Ter Stegen កៀកនឹងបង្គោលទី។ Rashford ដែលស្ថិតក្នុងទម្រង់លេងយ៉ាងល្អក៏បានបង្កើតឱកាសជាគ្រាប់ទីពីររបស់ Man Utd ផងដែរ ដោយបានហក់ចូលទៅក្នុងប្រអប់គ្រោះថ្នាក់ ហើយបញ្ជូនបាល់ទាបចូលទៅមុខទីដែលមានខ្សែការពារ ធ្វើឲ្យបាល់ផ្លាតចូលទៅក្នុងទីខ្លួនឯងដោយសារប៉ះទ្រូងនឹងខ្សែការពារ Jules Kounde របស់ Barcelona។
កីឡាករ និងអ្នកចាត់ការទូទៅរបស់ United លោក Erik ten Hag បានត្អូញត្អែរយ៉ាងខ្លាំង បន្ទាប់ពីអ្វីដែលមើលទៅហាក់ដូចជាកំហុសយ៉ាងច្បាស់ដោយកីឡាករ Kounde លើខ្សែប្រយុទ្ធ Rashford នៅខាងក្រៅប្រអប់ ដែលជាការបំពានដែលគួរតែទទួលបានកាតក្រហមសម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះ។
ទោះជាយ៉ាងណាក៏ដោយ Barcelona បានវាយបកដណ្តើមបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី៧៦ ហើយកំហុសដោយខ្សែការពាររបស់ United បានបញ្ជូនបាល់មិនផុតធ្វើឲ្យជាប់ជើងនឹងខ្សែបម្រើប្រយុទ្ធRaphinha ស៊ុតផុតដៃអ្នកចាំទី David de Gea ចូលទីបានសម្រេច។
លទ្ធផលស្មើគ្នានេះ ធ្វើឲ្យក្រុមទាំង២ត្រូវការឈ្នះដូចគ្នាក្នុងការប្រកួតជើងទី២បន្តទៀត ដែលការប្រកួតក្របខ័ណ្ឌ Europa League ជើងទី២ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច