ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកបើករថយន្តបង្ករងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តខូចខ្ទេចមួយកំណាត់មុខ រីឯរថយន្តដឹកខ្សាច់វិញបន្តល្បឿនគេចខ្លួនបាត់ស្រមោលទៅ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក HILLUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AH-0203 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុករថយន្តបែនដឹកខ្សាច់មិនចាំស្លាកលេខដែលបើកបរនៅពីមុខស្របទិសគ្នាចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្ត HILLUX VIGO ខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែកអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែងដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ក្រោយកើតហេតុរថយន្តបែនដឹកខ្សាច់បន្តល្បឿនបើកទៅមុខគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប បានចុះមកដល់ រួចក៏ពិនិត្យជុំវិញទីតាំងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖