ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យដឹកនាំដោយ លោក សរ សុផល ប្រធានក្រុមប្រឹក្សាស្រុក បានចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារសពលោក ឈឺន ឈន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាសមាជិកគណ:កម្មាធិការគណបក្សស្រុក ស្ថិតនៅក្នុង ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ដែលបានទទួលមរណៈភាព នៅថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:១៥ នាទីព្រឹកក្នុងជន្មាយុ ៨០ ឆ្នាំដោយរោគាពាធ។
នាឱកាសនោះដែរលោក សរ សុផល ប្រធានក្រុមប្រឹក្សាស្រុកបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនៃគ្រួសារនៃសពក៏ដូចគ្រួសារលោកស្រី សើង សាវ៉េត ជាភរិយាដែលបានបាត់បង់នៅស្វាមី ឪពុក ជីតា ជាទីស្រឡាញ់ដ៏ឧត្តុងឧត្តម របស់ចៅ និង បាត់បង់នូវវីរ:ជនមួយរូបក្នុងស្រុកដែលបានជួយលើកស្ទួយឱ្យមានការអភិវឌ្ឍក្នុងស្រុកផងដែរ។
លោកប្រធានក្រុមប្រឹក្សាស្រុក ក៏បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ លោក ឈឺន ឈន ឱ្យបានទៅកាន់សុគតិភពផងដែរ។ក្នុងនោះដែរសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះឲ្យរដ្ឋបាលស្រុកក៏បានបួងសួងដល់វិញ្ញាណក្ខន្ធ លោក ឈឺន ឈន សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបែរងាកក្រោយឱ្យពរជ័យដល់កូនចៅនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទទួលបាននូវសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ផងដែរថាសម្រាប់ថវិកាចូលរួមមាន: គណៈកម្មាធិការគណបក្សស្រុក ៣០០,០០០រៀល,
ក្រុមប្រឹក្សាស្រុក ៣២០,០០០រៀល, លោក អភិបាលស្រុក ១០០,០០០រៀល, លោក លោកស្រី អភិបាលរង លោកនាយករដ្ឋបាលស្រុកស្ដីទី លោក លោកស្រី ប្រធាន អនុប្រធាន មន្រ្តី នៃរដ្ឋបាលស្រុក ៨១០,០០០រៀល, ក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការឃុំ ១៧០,០០០រៀល, ព្រមទាំងអាហារ មានអង្ក មី ត្រីខ ទឹកត្រី ទឹកសុីអុីវ មួយចំនួនទៀត នឹងសាររំលែកទុក្ខ៕
ដោយ៖ មាស សុផាត