ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជិត៤៤.០០០នាក់ UN និយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ីរីនឹងកើនឡើង

ចែករំលែក៖

នៅចុងថ្ងៃទី១៦ ខែកុម្ភៈ គឺ១០ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏សាហាវចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសទួរគីនិងស៊ីរីមានចំនួន 43.885នាក់ ហើយក្រុមជួយសង្គ្រោះបរទេសជាច្រើនបានចាកចេញ ខណៈដែលក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតធ្លាក់ចុះ។
ដោយឡែក យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu Agency ចំនួនមនុស្សស្លាប់បន្ទាប់ពីការរញ្ជួយដីនៅក្នុងប្រទេសទួរគីមាន ៣៨.០៤៤នាក់ និងមនុស្សជាង ១០៨.០០០នាក់បានរងរបួស។
នៅក្នុងប្រទេសស៊ីរីវិញអង្គការសហប្រជាជាតិបាននិយាយថា ចំនួនអ្នកស្លាប់មានជាង ៦.០០០នាក់នៅទូទាំងប្រទេស រួមទាំងប្រហែល ៤.៤០០នាក់ នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម។
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី លោក Muhannad Hadi បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ីរី ទំនងជាកើនឡើង ខណៈដែលក្រុមជួយសង្គ្រោះបន្តបោសសម្អាតកម្ទេចកម្ទីនៅតំបន់ដែលរងគ្រោះខ្លាំង។
បើនិយាយពីការងារសង្គ្រោះវិញ នៅថ្ងៃកន្លងទៅនេះ នៅប្រទេសទួរគី ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ដែលបានជាប់ក្នុងគំនរបាក់បែកអស់រយៈពេល 248 ម៉ោងនៅក្នុងទីក្រុង Kahramanmaras និងក្មេងប្រុសអាយុ 12 ឆ្នាំម្នាក់ដែលបានជាប់គាំងអស់រយៈពេល 260 ម៉ោងនៅក្នុងគំនរបាក់បែកត្រូវបានបំផ្លាញនៅក្នុងខេត្ត Hatay ។ បុរសវ័យ៣០ឆ្នាំម្នាក់ក៏ត្រូវបានគេជួយសង្គ្រោះកាលពីថ្ងៃទី១៦ ខែកុម្ភៈផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ plo.vn


ចែករំលែក៖