មេដឹកនាំរបស់ប្រទេសចិនកាលពីថ្ងៃទី១៦ខែកុម្ភៈបានសាទរចំពោះ “ជ័យជម្នះ ” លើជំងឺរាតត្បាត Covid-19 ថាជា “អព្ភូតហេតុ” ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏សំខាន់មួយកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping និងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ មេដឹកនាំចិនបានទទួលរបាយការណ៍ស្តីពីការវិវត្តចុងក្រោយបង្អស់ក្នុងការងារឆ្លើយតបនឹងជំងឺរាតត្បាត។
សារព័ត៌មាន CCTV បានដកស្រង់សេចក្តីថ្លែងការណ៍ផ្លូវការបន្ទាប់ពីកិច្ចប្រជុំថា “ចាប់តាំងពីខែវិច្ឆិកាឆ្នាំ 2022មក យើងបានកែសម្រួលគោលនយោបាយគ្រប់គ្រងជំងឺរាតត្បាតរបស់យើង និងសម្រេចបាននូវការផ្លាស់ប្តូរយ៉ាងរលូនក្នុងរយៈពេលដ៏ខ្លី” ។
សេចក្តីថ្លែងការណ៍បានអានថា “ជាលទ្ធផល មនុស្សជាង ២០០ លាននាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាល អ្នកជំងឺធ្ងន់ធ្ងរជិត ៨០០.០០០ នាក់បានទទួលការព្យាបាលប្រកបដោយប្រសិទ្ធភាព ហើយអត្រាមរណភាពរបស់ (ប្រទេសចិន) គឺទាបបំផុតនៅក្នុងពិភពលោក” ។ “(យើង)បានទទួលជ័យជម្នះដ៏សំខាន់ និងសម្រេចចិត្តក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត។”
ប្រទេសចិនបានលុបចោលគោលនយោបាយ Zero Covid-19 របស់ខ្លួនជាមួយនឹងបទប្បញ្ញត្តិដាក់ឱ្យនៅដាច់ពីគេយ៉ាងតឹងរុឹងជាច្រើននៅដើមខែធ្នូ ឆ្នាំ 2022។ ចាប់តាំងពីពេលនោះមក ចំនួននៃការឆ្លងនៅក្នុងប្រទេសបានចាប់ផ្តើមកើនឡើង។
យ៉ាងណាមិញ ថ្មីៗនេះ ការផ្ទុះឡើងនៃការរាតត្បាតបានធូរស្រាលនៅក្នុងប្រទេសចិន។ កាសែត South China Morning Post បានរាយការណ៍ថា ចំនួននៃការឆ្លង ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បានថយចុះគួរឱ្យកត់សម្គាល់៕ ដោយ៖ ធីរីណា
រូបថត ៖ zingnews