ភ្នំពេញ៖ បេីតាមប្រភពព័ត៌មានពីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្មវិធី “កិច្ចសម្ភាសការងារ” របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញបានបញ្ចប់ដោយរលូន និងជោគជ័យដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើជិត ៤០០ នាក់បានចូលរួម។ ក្នុងនោះ មានអ្នកសម្ភាសការងារជាប់សរុប ៣០៣ នាក់ ដោយមានអ្នកសម្ភាសជាប់ជាស្ថាពរចំនួន ៣៥ នាក់ និង ២៦៨ នាក់ ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។
គួររំលឹកថា “កិច្ចសម្ភាសការងារ” កាលពីថ្ងៃទី១៦ ខែ កុម្ភៈឆ្នាំ២០២៣ ម្សិលមិញនេះ មានក្រុមហ៊ុនធំៗចំនួន ៦ ដែលបានចូលរួមនោះមានដូចជា៖ ក្រុមហ៊ុន Mekong Net, ផ្សារទំនើប AEON Cambodia, ក្រុមហ៊ុន SVI, ធនាគារ វីង, ក្រុមហ៊ុន JACCS និងធនាគារហត្ថា ដោយបាននាំយកឱកាសការងារសរុបចំនួន ៥៦៦ កន្លែង ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកមានបំណងចង់ផ្លាស់ប្តូរការងារផងដែរ។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមកាលពីម្សិលមិញ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។
ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
ដោយ៖សហការី