ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសរបស់ ទេព បូព្រឹក្ស និងជីដេវីត ឈ្មោះក៏ពិរោះ មុខក៏គួរឱ្យខ្នាញ់ដែរ

ចែករំលែក៖

 ភ្នំពេញ៖ ធ្វើឲ្យអ្នកក្នុងនិងក្រៅចង្កោមសិល្បៈក្រោយពីតារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត បានបញ្ចេញរូបថតកូនប្រុសដែលទើបនឹងសម្រាលថ្មីៗកាលពី ល្ងាចថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ ២០២៣នេះ។ ភរិយាគឺតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បានសម្រាលកូនប្រុសម្នាក់មុខគួរឲ្យខ្នាញ់ ខណៈដែលឈ្មោះវិញក៏ពិរោះប្លែក ហើយឈ្មោះថាទេព បញ្ចវរាប ហៅក្រៅ Albert ។

  គេចាំបានថាក្រោយភ្ជាប់ចំណងស្នេហាជាមួយគ្នាជាច្រើនឆ្នាំ ទេព បូព្រឹក្ស និងជីដេវីតចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពួកគេក្លាយជាតារាចម្រៀងឯករាជ និងបង្កើតបានស្នាដៃថ្មីក្នុងវិស័យសិល្បៈ និងបានក្លាយជាគូស្នេហ៍អ្នកសិល្បៈដូចគ្នាដែលតែងបង្ហាញទាំងភាពផ្អែមល្ហែម និងឡូយឆាយ។ ទោះជាយ៉ាងណាមុននេះពួកគេបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលក្រោយពីពួកគេប្រកាសអំពីដំណឹងមានតំណក់ឈាមរួមគ្នា ខណៈដែលពួកគេក៏មិនបានចូលរោងការនោះឡើយ។ ក៏មានការរិះគន់ខ្លះលើបញ្ហានេះ ប៉ុន្តែដំណឹងនៃការមានផ្ទៃពោះរបស់នាងបានធ្វើឲ្យអ្នកគាំទ្រកាន់តែសប្បាយចិត្តរហូតនាងបានរៀបចំពិធីទាយទាំងភេទកូន ហើយពេលនេះកូនប្រុសរបស់នាងបានទាំងសម្រាល និងបង្ហាញឈ្មោះយ៉ាងពិរោះផងដែរ។ គេដឹងដែរថា កូនប្រុសនាងអាចនឹងទទួលបានឱកាសការកើបលុយពីការផ្សព្វផ្សាយផលិតផលទារកមិនតិចនោះទេក្រោយពេលសម្រាលនេះ ដែលគេដឹងថាពួកគេនឹងមានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រ។ 

ទោះជាយ៉ាងណាមានការជជែកគ្នាច្រើនពីអ្នកគាំទ្រជុំវិញអត្ថន័យនៃឈ្មោះកូនប្រុសរបស់តារាចម្រៀងល្បីឈ្មោះខាងលើ ហើយមុននេះ បញ្ចេញរូបថតមិនបាន២៤ម៉ោងផងសារជូនពរ និងចែករំលែករាប់ម៉ឺនសែនត្រូវបានធ្វើឡើងដែលគេដឹងថាមានទាំងអ្នកគាំទ្រ និងក្នុងចង្កោមអ្នកសិល្បៈផងដែរ។ ជីដេវីត បានបញ្ចេញរូបថត៣សន្លឹកអំពីរូបភាពកូនដែលទើបនឹងសម្រាលខណៈដែលទេព បូព្រឹក្សកំពុងតែសម្រាន្តនៅលើគ្រែពេទ្យសម្រាលនៅឡើយដែរ។ លោកបានភ្ជាប់ដោយសារយ៉ាងខ្លីថា “ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជំរាបសួរអ៊ុពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផង ❤️អូនឈ្មោះ  ទេព បញ្ចវរាប ហៅក្រៅ ( Albert ) អូនសុខភាពល្អនឹងសង្ហាដូចប៉ាៗអូន ។ហេីយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ”។ ការទទួលយកកំណើតកូនអមដោយការបញ្ចេញបទចម្រៀងថ្មីនេះទទួលបានការសាទរ និងលើកទឹកចិត្តច្រើនសម្រាប់ពួកគេផងដែរ។ អ្វីដែលប្លែកផងដែរនោះគឺកូនប្រុសរបស់ពួកគេត្រូវបានដាក់ត្រកូលខាងម្តាយទៅវិញ ខណៈដែលអត្ថន័យក្នុងភាសាបាលីសំស្ក្រឹតផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖