ភ្នំពេញ៖ បានក្លាយជាដំណឹងដ៏ តក់ស្លុតបំផុតសម្រាប់ក្រុមគ្រួសារព្រមទាំងទស្សនិកជន និងសិល្បកររួមអាជីពក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងជើងចាស់នាយ ក្តឹប បានទទួលមរណភាពហើយ នាវេលាម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារផងដែរ ក្រោយពីបាត់បង់សិល្បករដែលមានស្នាដៃ និងប្រជាប្រិយដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីសិល្បៈ។
ដំណឹងនេះបានធ្វើឡើងបន្ទាប់ពីហ្វេសប៊ុកកូនស្រីតារាកំប្លែងនាយ ក្តឹប បានបញ្ជាក់ឲ្យដឹងយ៉ាងក្តុកក្តួលនិងសោកសៅថា ឪពុករបស់ខ្ញុំគាត់បានស្លាប់ លាចាកលោកចោលពួកខ្ញុំហើយ ដំណឹងនេះបានធ្វើឡើងស្របពេលដែលប្រធានសមាគមនសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង ក៏បានចែកចាយដំណឹងនេះទៅកាន់សាធារណជនបានដឹងផងដែរ ។ ទាំងសិល្បករ និងទស្សនិកជនបានផ្ញើសាររំលែកទុកជូនទៅកាន់ក្រុមគ្រួសារសពដែលបានបាត់បង់ជីវិតក្រោយពីស្ថានភាពជំងឺរាំរៃជាច្រើនឆ្នាំកន្លងមក។ នាយ ក្តឹប កន្លងមកបានធ្លាក់ខ្លួនឈឺជំងឺញ៉ាំញីរាងកាយមិនអាចធ្វើដំណើរ ឬ ប្រកបអាជីពសិល្បៈបានឡើយ។ នាយ ក្តឹប មានជំងឺច្រើនមុខដូចជា,ទឹកដក់ក្នុងសួត,ទឹកនោមផ្អែម,ដាច់សរសៃ ឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមជាដើម។ នាយក្តឹបមានឈ្មោះពេញថាលោក ឃុន ចាន់ក្តឹបមានកូន៥នាក់ បានធ្លាក់ខ្លួនឈឺរយៈពេល៤ឆ្នាំ ប៉ុន្តែអំឡុងពេល៤ថ្ងៃចុងក្រោយនេះ ស្ថានភាពកាន់តែធ្ងន់ធ្ងររហូត មិនអាចពិសាអាហារបាន និងអាចត្រឹមដកដង្ហើមខ្លីៗ ទាំងបិទភ្នែកប៉ុណ្ណោះ។
តាមរយៈសាច់ញាតិរបស់អ្នកកំប្លែងរូបនេះបានបញ្ជាក់ថា នាយក្តឹបបានឈឺសម្រាកលើកន្ទេលយូរហើយហើយជាងកន្លះខែមកនេះគាត់ចាប់ផ្ដើមហូបមិនបានដែលកន្លងមកគាត់មិនដែលមានស្ថានភាពធ្ងន់បែបនេះទេហើយ នេះជាលើកទី១ហើយដែលឃើញបែបនេះ។
ប្រភពបន្តថា បួនថ្ងៃចុងក្រោយនេះគាត់ហូបអីអត់កើតទេ ហូបទៅក្អួតៗ និយាយមិនកើត ដៃជើងក៏កម្រើកមិនបាន»។ មានការបញ្ជាក់ដែរថាកន្លងមក ក្រុមគ្រួសារមិនសូវបានបង្ហោះពីស្ថានភាពជំងឺរបស់លោក ឡើយដោយសារខ្លាចសាធារណជន យល់ថាការបង្ហាញនោះ ជាការសុំជំនួយ។សព លោក ឃុន ចាន់ក្តឹប បានរៀបចំធ្វើឡើងតាមទំនៀមទម្លាប់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលគេជឿថានឹងមានសិល្បករជាច្រើនចូលរួមផងដែរ ៕
ដោយ ៖ វឌ្ឍនា